(ត្បូងឃ្មុំ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ ដើម្បីធានាសុខភាពជូន ប្រជាពលរដ្ឋជាអ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើការត្រួតពិនិត្យស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ ព្រមទាំងធ្វើ តេស្តឃីតលើបន្លែត្រីសាច់ ព្រមទាំងផលិតផលម្ហូបអាហារមួយចំនួនទៀត នៅផ្សារស្ទឹង ក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា ថ្លែងឲ្យដឹងថា ការចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនោះដោយធ្វើតេស្តបឋមទៅលើ ស្ករត្នោត ត្រពាំងជូរ ប្រហុក ផ្អកត្រីប្រា ផ្អកត្រីប្រៃ និងនំចាក់ចាន់ ដើម្បីរកមើលសារធាតុគីមីហាមឃាត់ ។ ជាលទ្ធផល ពុំមានវត្តមាន សារធាតុគីមីហាមឃាត់នោះឡើយ។

លោក ប្រធានសាខាកាំកុងត្រូលខេត្ត បញ្ជាក់ថា បន្ថែមលើសពីនេះ មន្ត្រីកាំកុងត្រូល បានយកគំរូផលិផលទំនិញចំនួន ២៤គំរូ ក្នុងនោះទំនិញផលិតក្នុងស្រុក ០៣គំរូ រួមមាន សណ្តែកកួ ត្រប់វែង និងត្រសក់ ហើយទំនិញនាំចូល មាន ២១គំរូ រួមមានបន្លែក្រូចឆ្មារ សាឡាត់ ខ្ទឹមបារាំង ខ្ទឹមស្លឹកខ្ទឹមក្រហម ខ្ទឹមស ដំឡូងបារាំង ប៉េងប៉ោះ ត្រសក់ ម្ទេសហាវ៉ៃ ការ៉ុត ឆៃថាវ ម្ទេសវែង ត្រប់វែង ស្ពៃក្តោប និងផ្លែឈើ ផ្លែមៀន ក្រូចពោធិសាត់ ក្រូចឃ្វិច ប៉ោមតូច ប៉ោមធំ ស្រកានាគ ត្របែក ដើម្បីបញ្ជូនយកទៅវិភាគនៅមន្ទីរពិសោធន៌កាំកុងត្រូល សំដៅស្វែងរកសំណល់ថ្នាំកសិកម្ម ជាបន្ត។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕