(សៀមរាប)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ដឹកនាំដោយលោកព្រៅ ខេមរិទ្ធ ប្រធានសាខា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី គណៈកម្មការផ្សារ បានចុះពិនិត្យទំនិញដែលវេចខ្ចប់ស្រាប់(ស្លាដក់) គ្រឿងឧបភោគ បរិភោគ នៅផ្សារពួក ដែលមានទីតាំងនៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងកិច្ចសហការនេះ មន្រ្ដីជំនាញរបស់យើងបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់មួយចំនួន ទៅលើផលិតផលម្ហូបអាហារ ដែលដាក់លក់ក្នុងផ្សារនោះបានចំនួន ៩គំរូ មានដូចជា ៖ គុយទាវសរសៃតូច ២គំរូ, សណ្ដែកបណ្ដុះ ២គំរូ, គុយទាវបាញ់កាញ់, ប្រហិតសាច់គោ, ប៉ាតេ, ណែមសាច់ត្រី, ប្រហិតត្រី(ថៃ) ហើយជា ជាលទ្ធផល ពុំមានវត្តមានសារធាតុគីមី ហាមឃាត់ណាមួយឡើយ។
ជាមួយគ្នានោះ ក្រុមការងារ បានបន្តត្រួតពិនិត្យ តាមដាន ផលិតផលទំនិញវេច្ចខ្ចប់រួច ដើម្បីមើលកាលបរិច្ឆេទ ផុតកំណត់ប្រើប្រាស់ កំប៉ុងបោង ច្រេសស៊ី ដែលដាក់តាំងលក់ នៅតាមតូបជាដើម ។ ជាលទ្ធផល យើងបានធ្វើការដកហូតទំនិញ ហួសការកំណត់ប្រើប្រាស់ គឺទឹកក្រូចចំរុះបានចំនួន (៣៣០ml x១៨កំប៉ុង = ៥ ៩៤០ml)។
លោកប្រធានសាខា ក៏បានបន្តចែកជូនផ្ទាំង Poster និងពន្យល់បង្ហាញពីររបៀបដាក់តាំងលក់ផលិតផល កាលពិនិត្យមើលថ្ងៃផលិត ផុតកំណត់ ជៀសវាងកត្តាហេតុមួយចំនួន កើតឡើង ចំពោះសុខភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់៕