(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ទណ្ឌិត សម រង្ស៉ី មានសំណុំរឿងនៅតុលាការចំនួន ១៤ករណី ក្នុងនោះមាន ៦សំណុំរឿង ត្រូវបានកាត់ទោសជាស្ថាពររួចហើយ។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «ករណីប្រមាថព្រះមហាក្សត្រ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងនឹងសំណុំរឿងរបស់ សម រង្ស៉ី នេះតាមអ្វីដែលយើងទទួលបាន ពីខាងតុលាការមក គឺមកដល់ពេលនេះ មានចំនួន ១៤សំណុំរឿង ហើយក្នុងនោះ ៦សំណុំរឿង មានសាលក្រមចូលជាស្ថាពរ»។
ដោយឡែក សម្រាប់ទោសដែលត្រូវកំណត់ដាក់ទៅទណ្ឌិត សម រង្ស៉ីនោះ លោក ជិន ម៉ាលីន មិនអាចបញ្ជាក់ឱ្យដឹងនោះទេ ព្រោះវាជាឆន្ទានុសិទ្ធិរបស់ចៅក្រម និងជាការកំណត់របស់ព្រះរាជអាជ្ញា។ ប៉ុន្ដែគ្រាន់តែបង្ហើមថា ការកំណត់ដាក់ទោស នឹងត្រូវធ្វើឡើង ២ករណីផ្សេងគ្នា ដោយមានវិធីស្រូបទោស និងវិធីបូកទោស។ លោក ជិន ម៉ាលីន បានពន្យល់ថា វិធីស្រូបទោស មានន័យថា ចៅក្រមកំណត់យកទោសណាដែលជាប់ពន្ធនាគារច្រើនជាងគេ ហើយសម្រាប់វិធីបូកទោសវិញ គឺត្រូវយកទោសជាប់ពន្ធនាគារទាំងអស់ បូកបញ្ចូលគ្នាតែម្ដង។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ទោសថា តើសំណុំរឿងច្រើនយ៉ាងនេះ ត្រូវអនុវត្តទោសរបៀបមិញ ចឹងការអនុវត្តទោស គឺអនុវត្តទោស សាលក្រមចូលជាស្ថាពរ ចឹងសំណុំរឿងផ្សេងគ្នា ចំណែកការអនុវត្តទោសផ្អែកទៅលើក្រមនីតិវិធីព្រហ្មទណ្ឌ គឺនៅពេលអនុវត្តអាស្រ័យទៅលើព្រះរាជអាជ្ញា ជាអ្នកអនុវត្តទោស ដែលអាចមាន២ស្រូបទោសផង បូកទោសផង។ ស្រូបទោស មានន័យថាយកទោសធំ ហើយបូកមានន័យថា បូកចូលគ្នាឃើញប៉ុន្មាន យកប៉ុណ្ណឹង»។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយ ប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ថ្មីៗនេះ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ក្រោមការចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
ដីកាតុលាការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា តុលាការក៏បានបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន នៃអគ្គនាយកដ្ឋនពន្ធនាគារ ក្រសួងមហាផ្ទៃឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំខ្លួនបុគ្គលនេះ ទៅបង្ហាញមុខដល់ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត៕