(កំពង់ធំ)៖ ប្រធានក្រុមប្រឹក្សាខេត្តលោក ឈុន ឈន់ និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា បានដឹកនាំដាំកូនឈើជាង ៨០០ដើម ក្នុងវិទ្យាល័យកំពង់ធំ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីអភិបាលក្រុងស្ទឹងសែន លោក ម៉ាក់ ប៊ុនហុង, មន្ត្រីរាជការមកពីតាមបណ្តាមន្ទីរ អង្គភាព កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដ៏ច្រើនរយនាក់ផងដែរ។
អភិបាលក្រុងស្ទឹងសែនលោក ម៉ាក់ ប៊ុនហុង បានថ្លែងថា កូនឈើដែលត្រូវដាំនៅក្នុងថ្ងៃនេះ មានចំនួន ៨០៥ដើម គឺជាប្រភេទកូនឈើក្រញូង។ កូនឈើគ្រញូងជាង ៨០០ដើមនេះ ត្រូវបានអាជ្ញាធរខេត្ត ចាត់ចែង និងរៀបចំឲ្យមានការដាំនៅអមសងខាងផ្លូវក្នុងក្រុងស្ទឹងសែន និងនៅក្នុងខេត្តកំពង់ធំ ឬផ្លូវលេខ ៦ចាស់ ដើម្បីកែលម្អរមុខមាត់ខេត្ត និងក្រុង ឲ្យមានសោភ័ណ្ឌភាពកាន់តែស្រស់បំព្រង និងមានពណ៌បៃតង ស្របពេលជាមួយសមិទ្ធិផលជាច្រើនទៀត កំពុងកើតជាបន្តបន្ទាប់។
លោកថា កូនឈើដែលត្រូវដាំ គឺមានពីរទីតាំងសំខាន់ៗ៖ ទី១៖ ចាប់ពីរង្វង់មូលពោធិអង្ក្រង ដល់ស្ពានត្បូងចាម ដែលត្រូវដាំកូនឈើ ៤៧១ដើម, ទី២៖ ចាប់ពីមុខវិទ្យាល័យកំពង់ធំ ដល់ថ្នល់បែក «សៀមរាប-ព្រះវិហារ» ដែលត្រូវដាំកូនឈើ ៣៣៤ដើម សុទ្ធតែជាប្រភេទកូនឈើក្រញូង មានចំនួនសរុប ៨០៥ដើម។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានថ្លែងថា មន្ត្រីខេត្ត ក្រុង ស្រុក គ្រប់កងឯកភាពប្រដាប់អាវុធ មន្ទីរ ស្ថាប័នជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សិស្សកាយរិទ្ធ និងប្រជាពលរដ្ឋទាំងអស់ នៅពេលទទួលបានកូនឈើរួចហើយ ត្រូវនាំគ្នាយកទៅដាំ ធ្វើស៊ុការពារ ស្រោចទឹក និងថែរក្សា ដើម្បីកូនឈើលូតលាស់បានល្អ។ ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាដាំដើមឈើឲ្យបានគ្រប់ៗគ្នា នៅតាមទីសាធារណៈ ក៏ដូចជានៅតាមដងផ្លូវនានា ដើម្បីថ្ងៃក្រោយមានបរិស្ថានល្អ ដើម្បីសង្គមជាតិយើង និងដើម្បីបរិស្ថានរបស់យើង។
លោកសង្ឃឹមថា រាប់សិបឆ្នាំ និងរាប់រយឆ្នាំក្រោយ ដើមឈើទាំងនេះ នឹងរីកលូតលាស់ធំល្អ សម្រាប់ជាមរតកកូនចៅជំនាន់ក្រោយ បានដឹង និងបានស្គាល់ ពីឈើមានតម្លៃគ្រប់ប្រភេទ ដែលយើងបានដាំក្នុងពេលនេះ។ លោកបានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យចេះស្រឡាញ់ដើមឈើ និងស្រឡាញ់បរិស្ថាន ដើម្បីស្តារព្រៃឈើ និងលើកកម្ពស់តម្លៃបរិស្ថានជាតិ ឲ្យនៅតែល្អផូរផង់ជានិច្ច។
លោក សុខ លូ បានបញ្ជាក់ថា មូលនិធិបន្សមទៅនឹងការប្រែប្រប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន បានផ្តល់កូនឈើ ២ម៉ឺនដើម ដល់រដ្ឋបាលខេត្តកំពង់ធំ យកមកបែងចែកដាំ នៅតាមក្រុង និងស្រុក របស់ខេត្ត។ លោក សុខ លូ បានថ្លែងអំណរគុណ ដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់ ដែលបានផ្តល់កូនឈើទាំង ២ម៉ឺនដើមនេះ ដល់រដ្ឋបាលខេត្ត ហើយលោកសង្ឃឹមថា លោករដ្ឋមន្ត្រី នឹងបន្តផ្តល់កូនឈើ ជាបន្តបន្ទាប់ទៀត ជាក់ជាមិនខានឡើយ៕