(ភ្នំពេញ)៖ ថវិកាមូលនិធិសង្កាត់ចំនួន៥ ក្នុងឆ្នាំ២០១៩ មានរាប់សែនដុល្លារ ក្នុងចំណោមសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើគិតត្រឹមរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ គឺបានយកមកបើកការដ្ឋានស្ថាបនា និងជួសជុលផ្លូវបេតុងឆ្អឹងដែក ការស្ថាបនា និងការជួសជុលផ្លូវបេតុងអាមេ ទាំងការស្ដារ និងការដាក់ប្រព័ន្ធលូថ្មីៗជាច្រើនខ្សែ ដើម្បីបម្រើផលប្រយោជន៍រួម ជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងរំដោះរាល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀង ក្រោមអធិបតីភាពលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា សម្រាប់ភូមិសាស្ត្រដែលត្រូវបើកការដ្ឋានស្ថាបនា និងជួសជុលផ្លូវបេតុងឆ្អឹងដែក ការស្ថាបនា និងការជួសជុលផ្លូវបេតុងអាមេ ទាំងការស្ដារ និងការដាក់ប្រព័ន្ធលូថ្មីៗបន្ថែមជាបន្តបន្ទាប់ នាពេលនេះរួមមាន៖
*ស្ថាបនាផ្លូវបេតុងអាមេ ០៣ខ្សែ ប្រវែង៤៣៦,៧២ម៉ែត្រ ទទឹង០៥ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ
*ផ្លូវបេតុងគ្មានសរសៃដែក ០២ខ្សែ ប្រវែង១៨៩,៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ និងកម្រាស់០,១២ម៉ែត្រ
*ដាក់ប្រព័ន្ធលូមូល ០១ខ្សែ ប្រវែង១២៣ម៉ែត្រ មុខកាត់០,៥០ម៉ែត្រ ដោយចំណាយថវិកាអស់ ២៦១,៦៤៣,៥០០រៀល ស្ថិតនៅសង្កាត់ស្វាយប៉ាក ក្រោយពីបើកការដ្ឋានជួសជុលផ្លូវបេតុអាមេ ផ្លូវបេតុងគ្មានសរសៃដែក និងដាក់ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង សរុបចំនួន ៩ខ្សែផ្សេងទៀត ជូនប្រជាពលរដ្ឋរស់នៅ ក្នុងភូមិទូលគោក ភូមិបាក់ទូក ភូមិចុងខ្សាច់ និងភូមិទួលសំពៅ ស្ថិតនៅសង្កាត់ទួលសង្កែទី១ កាលពីថ្ងៃទី១៧ ខែកញ្ញា។
លើសពីនេះ ប្រព័ន្ធលូចាស់ ១ខ្សែ ដែលរងការខូចខាតបណ្ដាលឲ្យមានការកកស្ទះ មិនអាចរំដោះរាល់ការលិចលង់ ដោយសារជំនន់ទឹកភ្លៀង សម្រាប់ប្រជាពលរដ្ឋរស់នៅសង្កាត់ច្រាំងចំរេះទី១នោះ ក៏បានចាប់ផ្ដើមជួសជុលស្ដារឡើងវិញហើយដែរ និងបានទាំងការស្ថាបនាប្រព័ន្ធលូថ្មី បន្ថែម ១ខ្សែទៀត ដោយចំណាយថវិកាប្រមាណ ២៣០,០៥៩,០០០រៀល (ជិត៦ម៉ឺនដុល្លារ) កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ក្រោយពីប្រកាសបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក២ខ្សែ, ផ្លូវបេតុងអាមេ២ខ្សែ, ដាក់ប្រព័ន្ធលូ២ខ្សែ និងស្ដារលូ១ខ្សែទៀត ជូនប្រជាពលរដ្ឋ រស់នៅភូមិក្រោលគោ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ដោយការបើកការដ្ឋានមុនគេបង្អស់ គឺស្ថាបនាផ្លូវបេតុងសរសៃដែក១ខ្សែ ផ្លូវបេតុងគ្មានសរសៃដែក២ខ្សែ និងប្រព័ន្ធលូ១ខ្សែទៀត ជូនប្រជាពលរដ្ឋ រស់នៅក្រុម៨ ក្រុម៤ និងក្រុម៥ ភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ កាលពីថ្ងៃទី១២ ខែកញ្ញា។
ក្នុងពិធីបើកការដ្ឋាស្ថាបនា និងជួសជុលផ្លូវបេតុងឆ្អឹងដែក ការស្ថាបនា និងការជួសជុលផ្លូវបេតុងអាមេ ទាំងការស្ដារ និងការដាក់ប្រព័ន្ធលូថ្មីៗជាច្រើនខ្សែ សម្រាប់សង្កាត់ចំនួន៥ ក្នុងចំណោមសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌឫស្សីកែវ ដោយចំណាយថវិការាប់សែនដុល្លាររបស់មូលនិធិសង្កាត់ឆ្នាំ២០១៩នេះ លោក ជា ពិសី ថ្លែងថា ការអភិវឌ្ឍរីកចម្រើនស្ទើរទូទាំងប្រទេស ព្រោះតែកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញបរិបូរណ៍ ពោលបើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំនីមួយៗ សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក៏មានការអភិវឌ្ឍស្ថាបនាផ្លូវបេតុង, លូរំដោះទឹកខ្វាត់ខ្វែង ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលសង្កាត់-ខណ្ឌ ដើម្បីបញ្ជៀសនូវរាល់ការលិចលង់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ៕