(កំពង់ស្ពឺ)៖ មន្ត្រីរាជការស្ថិតក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយធ្លាយព័ត៌មានថា កំពុងមានគេរត់ការលក់ទីតាំងមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើខេត្ត ក្នុងរូបភាពដោះដូរជាមួយក្រុមហ៊ុនឯកជនមួយ។
ការភ្ញាក់ផ្អើលនេះ គ្រាដែលបុគ្គលមួយចំនួន បានដើរទទួលលុយកក់ពីក្រុមអ្នកទិញក្នុងខេត្តកំពង់ស្ពឺ និងមានអ្នកពីចម្ងាយរាប់សិបម៉ឺនដុល្លារ ដោយសន្យាកាត់ដីរដ្ឋមកឲ្យអ្នកទិញស្របច្បាប់ នាពេលដ៏ខ្លីខាងមុខ ហើយដីដែលគេគ្រោងលក់នោះ មានដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដីចំការប្រេងខ្យល់ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ដីសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង ក្នុងភូមិផ្គង់ ស្រុកសំរោងទង រួមទាំងដីរបស់មន្ទីរកសិកម្មផងដែរ ដែលគិតជាទឹកលុយរាប់លានដុល្លារឯណោះ។
ការបែកធ្លាយរឿងលក់ដីរបស់រដ្ឋជាច្រើនកន្លែងនេះ ហើយគ្មានអ្នកណាម្នាក់ដឹងសោះនោះ បានធ្វើឲ្យមន្ត្រីកសិកម្ម និងមន្រ្តីរដ្ឋបាលព្រៃឈើ មានការហួសចិត្តយ៉ាងខ្លាំងរហូតប្រកាសនាំគ្មាតវ៉ាដល់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ពួកគាត់បានលើកឡើងថា ពួកគាត់បានការពារទីតាំងដីទាំងនេះយូរឆ្នាំមកហើយ មិនបណ្តោយឲ្យជនណាមកយកទៅលក់ដោយមិនផ្តល់ផលប្រយោជន៍ឲ្យពួកគាត់នោះទេ។
មន្ត្រីទាំងនោះ បានលើកឡើងថែមទៀតថា «វាដូចជាហួសហេតុពេក នៅស្ងាត់ៗមានមនុស្សរត់ការកាត់ដីរដ្ឋលក់ ដោយដើរបង្ខំឲ្យមន្ត្រីចូលរួមផ្តិតមេដៃ និងសហការរួមគំនិតលក់ ដោយស្ងាត់បំផុតបែបនេះ មិនតែប៉ុន្តែប៉ុណ្ណោះ ថែមទាំងបានទទួលលុយកក់រាប់សិបម៉ឺនដុល្លារ ពីអ្នកទិញមិនឲ្យមន្ត្រីណាម្នាក់ដឹងឡើយ»។
មានការលើកឡើងថា ដីរបស់រដ្ឋ នៃមន្ទីរកសិកម្មខេត្តដ៏ធំល្វឹងល្វើយ ពេលនេះត្រូវបានគេអង្កន់ពុះជាដីឡូដិ៍លក់ ហើយទទួលលុយកក់រាប់សិបម៉ឺនដុល្លារដោយគ្មាននណាដឹងឡើយ ក្នុងនោះឲ្យតែដីរបស់កសិកម្ម ត្រូវក្រុមឈ្មួញដាក់តម្លៃរួចជាស្រេចក្នុងការចចារលក់ ពិតជាមិនធម្មតា។ តាមសេចក្តីរាយការណ៍ពីក្រុមមន្រ្តីទាំងនោះ ដីដែលគេកំពុងត្រៀមរត់ការលក់ទាំងអស់មាន ចំនួន៤កន្លែងរួមមាន៖
*ទី១៖ ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ
*ទី២៖ ដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើផ្គង់
*ទី៣៖ ដីចំការប្រេងខ្យល់ព្រៃផ្តៅ
*ទី៤៖ ដីមន្ទីរកសិកម្មមួយផ្នែក (បានទទួលលុយកក់មួយចំនួនហើយ) សរុបតម្លៃរាប់លានដុល្លារ ដែលមានក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ជាអ្នកដេញថ្លៃ។
មន្ត្រីខាងលើមួយចំនួន បានលើកឡើងដោយសង្កត់ធ្ងន់ថា ដីទាំងនោះបើសិនជាលក់មានតម្លៃរាប់សិបលានដុល្លារឯណោះ ដែលទាមទាត្រូវបង្កើតឲ្យមានគណៈកម្មាធិការត្រឹមត្រូវ ប្រជុំវាយតម្លៃ ព្រមទាំងមានការយល់ព្រមពីមន្ត្រីបម្រើក្នុងអង្គភាពគ្រប់គ្រងដីទាំងនោះជាមុន មិនគួរមករៀបចំលក់ដោយគ្មានការពិភាក្សាគ្នាបែបនេះឡើយ។
ចំពោះរឿងរ៉ាវលក់ដីរដ្ឋដ៏រសើបនេះលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោកទទួលស្គាល់ពិត ជាមានការជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី ការអភិវឌ្ឍន៍នៅនឹងកន្លែងដោយកាត់យកដីមន្ទីរកសិកម្ម ទំហំ ១០ហិតា១៤៩ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចំការដូង ផ្លូវជាតិលេខ៤៤ ក្រុងច្បារមន។
ប្រធានមន្ទីររូបនេះបានបញ្ជាក់ថា ការលក់-ទិញរវាងក្រុមហ៊ុន និងក្រុមខាងណា លោកមិនបានដឹងនោះទេ ហើយការលក់ទិញនោះទុកឲ្យច្បាប់ជាអ្នកកំណត់ទៅចុះ។ ចំពោះរឿងនេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងនាមអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបដិសេធថា លោកមិនទាន់បានដឹងរឿងលក់ដីនេះទេ ហើយក៏មិនដឹងថា ដីនេះគេលក់របៀបមិចនោះដែរ តែដឹងថា ខាងរដ្ឋបាលព្រៃឈើមានការតវ៉ាខ្លាំងចំពោះរឿងនេះ។
បើផ្នែកតាមដំណឹងជាច្រើន ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ពិតជាមានការកក់ប្រាក់រឿងដីរបស់មន្ទីរកសិកម្ម ដែលអង្កន់ពុះជាឡូដិ៍មិនតិចជាង ៣០ម៉ឺនដុល្លារ នោះទេ ហើយបន្តទៅលក់ដីរដ្ឋនៅចំណុចផ្សេងៗខាងលើបន្តទៀត ក្នុងតម្លៃថ្លៃកប់ពពក តាមរយៈការគៀងគររបស់ក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ដែលមានតំណាងជាច្រើន កំពុងចាត់ចែងលក់ឲ្យអ្នកដទៃ។
មានសំណួរជាច្រើន បានលើកឡើងថា ការអភិវឌ្ឍន៍គំរោងមិនទាន់ចាប់ផ្តើមផង តែមានការអំពាវនាវលក់ដីរដ្ឋជាមុនទៅវិញ? មូលនេះអាចក្រុមហ៊ុន និងមន្ត្រីខ្លះធ្វើនំអត់ម្សៅ ហើយរៀបចំគំរោងធ្វើ (ស.ជ.ណ) ដើម្បីយកដីរដ្ឋលក់យកចំណេញកប់ក្តោងចែកគ្នាដាក់ហោប៉ៅ ប៉ុន្តែការសាងសង់អគាររដ្ឋបាលជូនវិញ មិនទាន់លេចចេញជារូបរាងនោះឡើយ។
យ៉ាងណាក៏ដោយសម្រាប់ការបកស្រាយបន្ថែមពី ក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក មិនទាន់អាចទាក់ទងបាននោះទេរហូតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ៕