(ប្រ៊ុយណេដារូសាឡាម)៖ រដ្ឋមន្ត្រីទី២ ក្រសួងហិរញ្ញវត្ថុ ប្រទេសប្រ៊ុយណេដារូសាឡាម លោក DATO SERI SETIA DR AWANG HAJI MOHD AMIN LIEW BIN ABDULLAH បានកោតសរសើរនូវការរីកចម្រើនរបស់ប្រទេសកម្ពុជា និងសន្យាជំរុញវិនិយោគពីប្រទេសប្រ៊ុយណេដារូសាឡាម ដើម្បីបោះទុនវិនិយោគនៅប្រទេសកម្ពុជា។
ការលើកឡើងនេះ ក្នុងឱកាសដែលទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។
ទេសរដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ បានលើកឡើងអំពីទិដ្ឋភាពទូទៅ នៃការរីកចម្រើននៃប្រទេសកម្ពុជា រួមមាន សំណង់អាគារបានរីកដុះដាលយ៉ាងស្គុះស្គាយ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក៏កំពុងតែមានការអភិវឌ្ឍយ៉ាងលឿនផងដែរ។ ដោយឡែកសហគមន៍ឥស្លាមនៅកម្ពុជា ក៏មានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល រហូតបញ្ចូលមន្ត្រីរាជការដែលជាខ្មែរឥស្លាម នៅតាមគ្រប់ក្រសួងស្ថាប័ន ទាំងក្នុងស្ថាប័នរដ្ឋសភា និងជួរដ្ឋាភិបាល ពីថ្នាក់ជាតិរហូតដល់ ថ្នាក់ក្រោមជាតិ។
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានជម្រាបភាគីព្រុយណេពីវឌ្ឍនភាពដ៏ល្អប្រសើរ នៃស្ថាប័នហាឡាលនៅកម្ពុជា និងបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រ៊ុយណេ ធ្វើយ៉ាងណាជំរុញវិនិយោគិនពីប្រទេសប្រ៊ុយណេ មកធ្វើការបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើន ដោយរក្សាកំណើនសេដ្ឋកិច្ច ជាង៧ភាគរយ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។
លើសពីទៅទៀត ទេសរដ្ឋមន្ត្រី បានលើកឡើងថា ដោយកត្តាសន្តិភាព ស្ថេរភាពនយោបាយធ្វើឲ្យកម្ពុជាមានអ្នកវិនិយោគជាច្រើន កំពុងតែប្រកួតប្រជែង បោះទុនរកស៊ី ហើយវាក៏កាន់តែត្រូវការចាំបាច់នូវចរន្តសាច់ប្រាក់ ដែលជាឱកាសល្អ សម្រាប់វិស័យធនាគារ ជាពិសេសលោកបានផ្ដោតសំខាន់ ទៅលើធនាគារបែបឥស្លាម ដែលប្រទេសកម្ពុជាពុំទាន់មានឡើយ។
ជាការឆ្លើយតប រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសប្រ៊ុយណេ បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការជំរុញវិនិយោគនៅកម្ពុជា ដោយមើលឃើញពីកំណើនសេដ្ឋកិច្ច ជាពិសេសវិស័យធនាគារ បែបឥស្លាម។ លោកបញ្ជាក់ថា សម្រាប់ធនាគារឥស្លាម គឺជាការអនុវត្តប្រព័ន្ធបង់សេវាទាប មិនមានការប្រាក់ ដែលមិនមែនសម្រាប់បម្រើសេវាកម្ម ជូនដល់អ្នកកាន់សាសនាឥស្លាមប៉ុណ្ណោះទេ វាជាការផ្តល់ជូនសម្រាប់សាធារណៈជនគ្រប់ជាតិសាសន៍ ដែលអាចទទួលបានផលប្រយោជន៍ដូចៗគ្នា៕