(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ រួមសាមគ្គីគ្នា ប្រឆាំងទៅនឹងទង្វើក្បត់ជាតិ ដែលហ៊ានប្រមាថព្រះមហាក្សត្រ ដែលជីវិតតម្កល់លើត្បូងនៃប្រជាពលរដ្ឋកម្ពុជា។ ម៉្យាងទៀត ជនក្បត់ជាតិរូបនេះ ក៏បានកំពុងធ្វើការញុះញង់ដល់ជួរកងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានប្រសូត្រឡើងពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ។
ការអំពាវនាវបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច និងលោកស្រី បានដឹកនាំក្រុមការងារ និងពុទ្ធបរិស័ទ កាន់បិណ្ឌវេនទី៦ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវត្តព្រះឥន្ធកោសីយ៍ នាក្រុង/ខេត្តសៀមរាប ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ទៅតាមគន្លងប្រពៃណីសាសនា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាចំនួនជាង ១៦លានរៀល និងប្រាក់ដុល្លារជាង ៤,៥២០ដុល្លារ។
នៅក្នុងពិធីកាន់បិណ្ឌទី៦នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យ ច្រើនទៀត របស់ប្រជាពលរដ្ឋខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ សម្តេចក៏បានគូសបញ្ជាក់ថា ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាស បានប្រារព្ធពិធីបុណ្យនានាឡើង។
ក្នុងនោះដែរ សម្តេចពិជ័យសេនា ក៏បានលើកឡើងបញ្ជាក់ជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទថា ដោយមហិច្ឆតារបស់ខ្លួន នៃក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឱ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង។
ក្នុងនោះ សម្តេចក៏បានបញ្ជាក់ផងដែរថា យើងគ្រប់រូបរួមគ្នាដាច់ខាតការពារនូវសមទ្ធិផលសន្តិភាពឱ្យបានគង់វង្ស ដែលជាសមទ្ធិផល មួយមិនមែនកើតឡើងដោយឯកឯងនោះឡើយ គឺផ្តើមចេញពីការតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា កត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើន។ សម្តេចក៏បានធ្វើការអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ រួមគ្នាប្រឆាំងជាមួយជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថព្រះមហាក្សត្រ។
ក្នុងនោះសម្តេច និងលោកស្រី ក្រុមការងារថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទេយ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តព្រះឥន្ធកោសីយ៍ រួមមាន៖ អង្ករ១តោន មី ៣០កេស ទឹកក្រូច ១០កេស, ទឹកត្រី ១០កេស, ទឹកស៊ីអ៊ីវ ១០កេស, ទឹកសុទ្ធ ២០កេស, ត្រីខ ៥កេស, ស្ករស ២០គីឡូក្រាម និងទឹកដោះគោ ០៥កេស តែ១០កញ្ចប់ និង បច្ច័យចំនួន ១៦លាន ៣៥០ពាន់រៀល និងប្រាក់ដុល្លារ៤ពាន់ ៥២០ដុល្លារ និងសីលវ័ន្តសីលវន្តី ម្នាក់ៗនូវក្រណាត់ស១ដុំ បច្ច័យ១ម៉ឺនរៀល។
សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកលោកស្រី មន្ត្រីរាជការ និងបងប្អូនពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលលោកស្រី និងសមាជិក ក្រុមការងារ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ឃ នេះជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ៕