(ប៊្រុយណេ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានស្នើទៅលោក Dato Seri Setia Awang Haji Hmazah Bin Haji Sulaiman រដ្ឋមន្រ្តីក្រសួងអប់រំ នៃប្រទេសប៊្រុយណេដារូសាឡាម ជួយផ្តល់អាហារូបករណ៍ពីថ្នាក់មធ្យម ដល់ថ្នាក់ឧត្តមសិក្សា ដល់សិស្សនិស្សិតពីកម្ពុជា លើមុខជំនាញសំខាន់ៗ ដែលចាំបាច់ស្របនឹងបរិបទទីផ្សារការងារ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានការរីកចម្រើន ហើយក៏កំពុងមានតម្រូវការយ៉ាងខ្លាំង នូវធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ក្នុងការចូលរួមបម្រើការងារ ក៏ដូចជាចូលរួមអភិវឌ្ឍន៍សង្គមជាតិទាំងមូល។
នេះជាការលើកឡើង ក្នុងឱកាសដែលគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dato Seri Setia Awang Haji Hamzah Bin Haji Sulaiman រដ្ឋមន្រ្តីក្រសួងអប់រំ នៃប្រទេសប៊្រុយណេដារូសាឡាម នៅទីស្តីការក្រសួងអប់រំ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងនោះក៏មានការអមដំណើរពីសមាជិក សមាជិកា រដ្ឋសភា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ព្រមទាំងអនុរដ្ឋលេខាធិការ នៃក្រសួងមួយចំនួន រួមមានក្រសួងធម្មការ និងសាសនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ្រ ក្រសួងពាណិជ្ជកម្ម និងសហការីជាច្រើនរូប។
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានជម្រាបអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំគ្រប់កម្រិត ថែមទាំងបានចាត់ទុកវិស័យអបរំ គឺជាវិស័យអទិភាព។ ដោយសារតែការលើកកំពស់វិស័យអប់រំទូទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបានបញ្ចូលគ្រូខ្មែរឥស្លាម១,៥០០នាក់ និងគ្រូកិច្ចសន្យា២០០នាក់ ដែលកន្លងមកពួកគាត់ជាអ្នកបង្រៀនអប់រំតាមសហគមន៍ខ្មែរឥស្លាម ដោយការស្ម័គ្រចិត្តសុទ្ធសាត ដោយពុំមានប្រាក់ខែឡើយ។
រដ្ឋមន្រ្តីក្រសួអប់រំប៊្រុយណេ លោក Dato Seri Setia Awang Haji Hmazah Bin Haji Sulaiman បានទទួលយកសំណើនេះ ហើយនឹងពិនិត្យលទ្ធភាព ជាមួយគ្រឹះស្ថានមធ្យម និងឧត្តមសិក្សាប៊្រុយណេ ដើម្បីបន្ថែមចំនួនអាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជា។ ក្រោយជំនួប គណៈប្រតិភូកម្ពុជា បានបន្តដំណើរទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យ Sultan Sharif Ali (UNISSA) និងទស្សនកិច្ច ថ្វាយបង្គុំនៅព្រះវិហារ Omar Ali Saifuddien៕