(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូង នៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួន២។
កិច្ចប្រជុំចំនួន២នោះរួមមាន៖ ទី១៖ កិច្ចប្រជុំកំពូលអនុស្សាវរីយ៍ កូរ៉េ-អាស៊ាន និងកិច្ចប្រជុំទី២៖ កិច្ចប្រជុំ កំពូលមេគង្គ-កូរ៉េ ដែលនឹងធ្វើឡើង នៅទីក្រុងប៊ូសាន នៅខែវិច្ចិកា ឆ្នាំ២០១៩។ នៅអំឡុងពេលទស្សនកិច្ចនោះ សម្ដេចក៏មានគម្រោងទស្សនកិច្ចនៅសាកលវិទ្យាល័យកន់យ៉ាង ហើយគ្រោងជួបជាមួយពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េផងដែរ។
ការបញ្ជាក់អំពីទស្សនកិច្ចនេះ បានធ្វើឡើងខណៈដែល សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ លោកបណ្ឌិត វ៉ុន មូកលី (Won Mook Lee) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកន់យ៉ាង និងលោកបណ្ឌិត ហ៊ី ស៊ូគីម (Hee Soo Kim) ស្ថាបនិកមូលនិធិអប់រំកន់យ៉ាង របស់ប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកបណ្ឌិតបានរាយការណ៍ជូនសម្ដេចថា កាលពីថ្ងៃម្សិលមិញនេះ លោកបានទៅទស្សនកិច្ច នៅមន្ទីរពេទ្យព្រះអង្គដួង ជាពិសេសគឺមជ្ឈមណ្ឌលព្យាបាលភ្នែកដែលជួយតាមរយៈអង្គការ Koica របស់កូរ៉េ។ លោកបានជម្រាបជូនសម្ដេចថា លោកបានទៅទស្សនកិច្ច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយសារតែកន្លងមក លោកមានកិច្ចសហការ ជាមួយសាកលវិទ្យាល័យ ក៏ដូចជាមន្ទីរពេទ្យព្រះអង្គឌួងផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកបណ្ឌិត ហើយបានលើកទឹកចិត្ត ឲ្យបន្តជួយដល់មន្ទីរពេទ្យ ក៏ដូចជាសាកលវិទ្យាល័យរបស់កម្ពុជា ជាពិសេសការបណ្ដុះបណ្ដាល សមត្ថភាព របស់វេជ្ជបណ្ឌិតកម្ពុជា។ សម្តេចបានគូសបញ្ជាក់ផងដែរ អំពីការយកចិត្តទុកដាក់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនពិការ ជាពិសេសជនពិការភ្នែក និងជំងឺគថ្លង់ ដោយមានអង្គការ គ្រួសារថ្មី ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងវិស័យមួយនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការព្យាបាល និងការបង្ការជំងឺមួយចំនួន ជាពិសេសគឺការព្យាបាលជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណុសជាដើម។
សម្តេចបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាជំងឺរបេង ជំងឺគ្រុនចាញ់ ដោយនឹងលុបបំបាត់ឲ្យអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខ។ សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគនិងបន្តវិនិយោគជាច្រើន លើវិស័យសង្គមកិច្ច ដោយបានផ្ដល់ថវិកាជាតិ ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាលនេះ៕