(ព្រៃវែង)៖ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង បានបញ្ជាក់ថា ទឹកជំនន់បាននិងកំពុងវាយប្រហារ ដល់ស្រុក-ក្រុងចំនួន១០ ក្នុងចំណោម១៣ស្រុក-ក្រុង នៃខេត្តព្រៃវែង និងប៉ះពាល់ពលរដ្ឋជិត ៦ពាន់គ្រួសារ និងជំលៀសពលរដ្ឋជិត២០០គ្រួសារ ស្វែងរកទីទួលមានសុវត្ថិភាព។
លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh Newsថា គ្រោះទឹកជំនន់នៅខេត្តព្រៃវែង បានប៉ះពាល់ដល់គ្រួសារដែលរងគ្រោះមានចំនួន ៥,៦៣៤គ្រួសារ និងគ្រួសារដែលត្រូវជម្លៀសមាន ១៦៨គ្រួសារ ហើយក្រុងស្រុកទាំង១០ដែលរងការប៉ះពាល់នោះរួមមាន៖ ស្រុកស៊ីធរកណ្តាល, ស្រុកពារាំង, ស្រុកពោធិ៍រៀង, ស្រុកពាមរក៍, ស្រុកស្វាយអន្ទរ, ស្រុកកំពង់ត្របែក, ស្រុកពាមជរ, ស្រុកព្រះស្តេច, ក្រុងព្រៃវែង, និងបាភ្នំខណៈអាជ្ញាធរ ហើយកម្រិតប្រកាសអាសន្ននៅខេត្តព្រៃវែងនោះ៧,៥០ម៉ែត្រ ឥឡូវទឹកនៅ ៦,៩២ម៉ែត្រ បើធៀបនិងឆ្នាំ២០១៨ កម្រិតខ្ពស់ជាង ០,១៧ ម៉ែត្រគឺជិតប្រកាសអាសន្នផងដែរ។
លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា គ្រួសារខ្វះស្បៀងមានចំនួន៥០៥គ្រួសារ និងគ្រួសារមានជម្ងឺ ៥គ្រួសារ ផ្ទះដែលរងផលប៉ះពាល់ចំនួន៥,៩២៦ខ្នង និងបានប៉ះពាល់ដល់ស្រូវរដូវវស្សាចំនួន ១១,៤៤៤ហិចតា និងខូចខាត២៥៨ហិចតា ប៉ះពាល់ផ្លូវកៅស៊ូប្រវែង១០០ម៉ែត្រ និងមានភូមិចំនួន ៣២៩រងផលប៉ះពាល់លិចផ្លូវ ដោយសារទឹកជំនន់ព្រមទាំង ផ្លូវលំប្រវែង ១៤២,០០២ម៉ែត្រ និងខូចខាតផ្លូវលំប្រវែង ២៦,៥៦៥ម៉ែត្រ ខូចខាតផ្ទះមួយខ្នង សាលារៀនចំនួន៣៩កន្លែង មណ្ឌលសុខភាព៣ អណ្តូងទឹកចំនួន ៧៦៤អណ្តូង ខូចខាតអណ្តូង៩០អណ្តូង បង្គន់អនាម័យចំនួន ៥៥០បង្គន់ ព្រមទាំងប៉ះពាល់ប្រឡាយ និងទំនប់ប្រវែង២០២,៧៩៧ម៉ែត្រ និងខូចខាតទាំងស្រុងប្រវែង៣០០ម៉ែត្រ។
បើតាមលោក ឌុច គន្ធា បានបន្ថែមថា គ្រោះទឹកជំនន់នេះ អាជ្ញាធរខេត្តព្រៃវែងដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត បានដឹកនាំក្រុមការចុះពិនិត្យស្ថានភាពទឹកជំនន់ និងបានណែនាំដល់ពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងណែនាំឲ្យអាជ្ញាធរមូលដ្ឋានបន្ថែមការប្រុងប្រយ័ត្នបានខ្ពស់ ក្នុងការត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងស្វែងរកទីទួលមានសុវត្ថិភាព ជូនពួកគាត់ធានាបាននូវសុខសុវត្ថិភាព។ ពិសេសតំបន់ដែលគ្រោះថ្នាក់ ឬហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ឲ្យពួកគាត់បានដឹង ហើយអាជ្ញាធរទាំងអស់ ត្រូវដាក់កម្លាំងវេនប្រចាំការនៅតាមកន្លែងដែលប្រឈមនឹងការលិចលង់ខ្លាំង ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានត្រៀមនិងចែកស្បៀងជូនប្រជាពលដ្ឋផងដែរ៕