(ភ្នំពេញ)៖ លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានលេីកឡេីងថា នៅប្រទេសកម្ពុជាស្ត្រី និងក្មេងស្រី នៅតែប្រឈមនឹងការទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និងសេដ្ឋកិច្ច ដែលអំពើហិង្សាទាំងនោះអាចកើតមានទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍។
ការលេីកឡេីងបែបនេះ បានធ្វេីឡេីងក្នុងឱកាសដែល លោកស្រី ម៉ាន ចិន្តា អញ្ញេីញចូលរួមជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ
សម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ដែលរៀបចំធ្វេីឡេីងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោកស្រី ម៉ាន ចិន្តា បានគូសបញ្ជាក់ថា «នៅប្រទេសកម្ពុជាស្ត្រី និងក្មេងស្រី នៅតែប្រឈមនឹងការទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និងសេដ្ឋកិច្ច ដែលអំពើហិង្សាទាំងនោះអាចកើតមានទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍ ហើយគ្រប់ទម្រង់នៃអំពើហិង្សាទាំងនេះ អាចកើតឡើងដោយមិនគិតពីកម្រិតនៃប្រាក់ចំណូល កម្រិតវប្បធម៌ និងចំណេះដឹងឡើយ ហើយទម្រង់នៃអំពើហិង្សាលើស្រ្តីដែលកើតឡើង ភាគច្រើននៅកម្ពុជា គឺអំពើហិង្សាក្នុងគ្រួសារ (អំពើហិង្សាពីដៃគូស្និទ្ធស្នាល) និងអំពើហិង្សាផ្លូវភេទ»។
លោកស្រីបានលេីកឡេីងថា យោងតាមរបាយការណ៍នៃការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០១៤ បានបង្ហាញថា៖
*ស្ដ្រី១នាក់ក្នុងចំណោម៥នាក់ ដែលមានអាយុពី ១៥ - ៤៩ឆ្នាំ បានរាយការណ៍ថា ធ្លាប់រងគ្រោះដោយអំពើហិង្សាលើរាងកាយយ៉ាងហោចណាស់ម្តងចាប់តាំងពីគាត់មានអាយុ១៥ឆ្នាំហើយ៩ភាគរយ បានទទួលរងអំពើហិង្សាលើរាងកាយក្នុងរយៈពេល១២ខែ ចុងក្រោយមុនការធ្វើអង្កេត។
*ស្ដ្រីធ្លាប់រៀបការដែលមានអាយុពី ១៥-៤៩ ចំនួន ៤៩ភាគរយបានរាយការណ៍ថា ធ្លាប់ទទួលរងគ្រោះដោយអំពើហិង្សាលើរាងកាយឬផ្លូវភេទពីប្ដីរបស់ខ្លួន។ ស្ដ្រីប្រហែល២នាក់ ក្នុងចំណោមស្ត្រី៥នាក់បានសុំជំនួយដើម្បីបញ្ឈប់អំពើហិង្សាដែលពួកគេបានរងគ្រោះ ប៉ុន្តែមានតែ២៤ភាគរយប៉ុណ្ណោះ ដែលបានស្វែងរកជំនួយពីសេវាផ្លូវការ។
លោកស្រី ម៉ាន ចិន្តា បន្ដទៀតថា ទន្ទឹមនឹងការទទួលរងអំពើហិង្សាការមាក់ងាយ និងការរើសអើងក្នុងសហគមន៍ស្ត្រី និងក្មេងស្រីនៅបន្តកើតមានការរំលោភបំពានពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលអាចបង្កើននូវហានិភ័យនៃអំពើហិង្សា កើតចេញពីការរាយការណ៍ ស្តីពីអំពើហិង្សាលើស្ត្រី និងមិនបានផ្ដោតទៅលើការគិតពីយេនឌ័រ ហើយក៏មិនបានគោរពទៅលើការរក្សាការសំងាត់របស់ជនរងគ្រោះ។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបន្ថែមថា ទោះបីមានក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏ដោយ ក៏មិនទាន់មានបទដ្ឋានជាក់លាក់ដើម្បីធានាដល់ការយកចិត្តទុកដាក់ចំពោះយេនឌ័រ ការគោរពនិងរក្សាការ
សំងាត់ នៅពេលមានការរាយការណ៍ពីអំពើហិង្សាលើស្ត្រីនោះឡើយ ដែលធ្វើឱ្យប៉ះពាល់ជាវិជ្ជមានទៅលើសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហើយក៏ជាបញ្ហាប្រឈមក្នុងការទទួលបានកិច្ចការពារ និងសេវាសំខាន់ៗ ផ្សេងទៀតផងដែរ ។
ជាមួយគ្នានោះ មន្ដ្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានបញ្ជាក់ផងដែរថា ដើម្បីដោះស្រាយបញ្ហាខាងលើ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
បានផ្តល់អាទិភាពខ្ពស់ក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្រ្តី និងអំពើហិង្សាក្នុងគ្រួសារ ដោយបញ្ហាទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) ហើយសូចនាករសំខាន់ៗត្រូវបានដាក់នៅក្នុងឯកសារការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាព (CDHS) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
(CSDG) ជាដើម។
ទន្ទឹមគ្នានោះ លោកស្រីក៏បានលេីកឡេីងថា ដេីម្បីអនុវត្ដក្រុមប្រតិបត្ដិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពេីហិង្សាលេីស្ដ្រីឲ្យបានគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព គឺមិនមែនមានតែអង្គភាពផ្សព្វផ្សាយមួយឬពីរប៉ុណ្ណោះទេការងារនេះតម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការប្តេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាអនុវត្តប្រកបដោយ
ប្រសិទ្ធភាពខ្ពស់៕