(ភ្នំពេញ)៖ មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថែរក្សាសម្ផស្ស និងច្នៃម៉ូតសក់ នៃកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ផ្អែកលើបច្ចេកវិទ្យាអាយធីសម្រាប់ការអភិវឌ្ឍសមត្ថភាពស្ត្រីនៅកម្ពុជាក្នុងឧស្សាហកម្មថែរក្សាសម្ផស្ស និងច្នៃម៉ូតសក់ ដែលផ្តល់មូលនិធិដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ពិធីនេះត្រូវបានធ្វើឡើងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) មានការចូលរួមជាអធិបតីដោយ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចាំនៅកម្ពុជា, លោក ហ៉ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក Hee. Soo Kim, ស្ថាបនិកនៃមូលនិធិ Kongyang Education Foundation សាធារណរដ្ឋកូរ៉េ, លោក Won-Mook Lee សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Konyang University និង Konyang Cyber University និងលោក តាន់ កុសល នាយកនៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងអ្នកចូលរួមជាតិនិងអន្តរជាតិដទៃទៀត។
លោក ហ៉ីង ស៊ីដេត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ និងបានចាត់ទុកធនធានមនុស្សជាកត្តាចម្បង និងជាយន្តការ ដែលជួយកែលម្អអភិបាលកិច្ចគ្រឹះស្ថាន និងការធ្វើឲ្យប្រសើរឡើងនូវផលិតភាពរបស់គ្រឹះស្ថានដើម្បីឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ វិស័យស្នូលទាំង៤ នៃសុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នេះ រួមមាន៖ ទី១- ការអភិវឌ្ឍធនធានមនុស្ស (ជាអាទិភាពទីមួយ), ទី២- ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ទី៣- ការលើកស្ទួយវិស័យឯកជន និងការងារ និងទី៤- ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
នៅក្នុងកម្មវិធីនោះដែរ លោក ហ៉ីង ស៊ីដេត បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA និង សាកលវិទ្យាល័យ Konyang Cyber University ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ លោក ក៏បានស្នើទីភ្នាក់ងារ KOICA) ស្វែងរកកិច្ចសហប្រតិបត្តិការ និងផ្តល់ថវិកាបន្ថែមទៀត ដើម្បីពង្រីក និងពង្រឹង មិត្តភាព រវាងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សាកលវិទ្យាល័យ Konyang Cyber University ក៏ដូចជាប្រទេសកម្ពុជា។
លោក នោ ហ្យន់ជូន (Rho Hyun-Jun) បានឱ្យដឹងថា វិមាត្រដ៏គួរឲ្យកត់សម្គាល់មួយនៃការចូលរួមរបស់កូរ៉េខាងត្បូងជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន គឺការផ្តោតសំខាន់របស់ខ្លួនលើប្រទេសចំនួនប្រាំមួយគឺ CLMVIP (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន)។
លោកក៏បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដៃគូសំខាន់មួយ ដែលបច្ចុប្បន្នកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសទទួលជំនួយធំទី៣របស់ទីភ្នាក់ងារ KOICA។ ដូច្នេះ ទីភ្នាក់ងារ KOICA ជាដៃគូប្រកបដោយមោទនភាពរបស់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា អស់រយៈពេលជាងពីរទសវត្សមកហើយ។
លោកក៏បានគូសបញ្ជាក់ថា ទីភ្នាក់ងារ KOICA បានចូលរួមវិភាគទានដល់ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាជាពិសេសដើម្បីលើកកម្ពស់អត្រាការងារសម្រាប់ស្ត្រី តាមរយៈការលើកទឹកចិត្តឲ្យពួកគាត់ចូលរួមក្នុងជំនាញឯកទេសដូចជាថែរក្សាសម្ផស្ស និងច្នៃម៉ូតសក់ ព្រោះពួកគាត់អាចបង្កើតប្រាក់ចំណូលបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។
លោកក៏ជឿជាក់ផងដែរថាមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថែរក្សាសម្ផស្ស និងច្នៃម៉ូតសក់ នឹងត្រូវបានដំណើរការល្អផងដែរ។
សូមរំលឹកថា «គម្រោងគម្រោងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ផ្អែកលើបច្ចេកវិទ្យាអាយធីសម្រាប់ការអភិវឌ្ឍសមត្ថភាពស្ត្រីនៅកម្ពុជាក្នុងឧស្សាហកម្មថែរក្សាសម្ផស្ស និងច្នៃម៉ូតសក់» មានរយៈពេល៣ឆ្នាំនេះ ចាប់ពីឆ្នាំ២០១៩-២០២១។ គម្រោងនេះផ្តល់ថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA និងអនុវត្តដោយសាកលវិទ្យាល័យ Konyang Cyber University និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។
គោលបំណងនៃគម្រោងគឺ ដើម្បីកាត់បន្ថយភាពក្រីក្រនៃកំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាពិសេគឺស្ត្រី។ សកម្មភាពទូទៅរបស់គម្រោងនេះគឺ ទី១) បង្កើតប្រព័ន្ធអប់រំតាមអ៊ិនធ័រណេតអាយធីអ៊ិនធឺណិត (មន្ទីរពិសោធន៍ ថ្នាក់រៀន) ដោយអនុវត្តវិធីសាស្រ្តសិក្សាបញ្ចូលគ្នាតាមអ៊ិនធ័រណេតដែលមានភាពច្នៃប្រឌិតកម្រិតខ្ពស់កម្មវិធីច្នៃម៉ូតសក់, ទី២) បង្កើតកម្មវិធីសិក្សាច្នៃម៉ូតសក់ និង ទី៣) ផ្តល់ការអប់រំដល់គ្រូបង្គោល៕