(ភ្នំពេញ)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិមន្តព្រះសង្ឃ សូត្រមន្ត រាប់បាត្រ កាន់បិណ្ឌបង្សុកូលឧទ្ទិសកុសល្យផលបុណ្យ ដល់ព្រលឹងអ្នកស្លាប់រាប់ម៉ឺននាក់ នៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ពិធីនេះក៏មានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន និងលោកស្រី ភឿង សកុណា តែងនាំមន្ត្រីរាជការក្រសួងរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះ ដែលបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅពេលកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់ប្រជាជនខ្មែរទាំងអស់ ដែលអ្នកខ្លះស្លាប់ ទៅដោយពុំមានក្រុមគ្រួសារដើម្បីធ្វើពិធីបុណ្យឲ្យអ្នកខ្លះ ក៏បានបាត់បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិត នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លាន អ្នកនៅទូទាំងប្រទេស។
នាឱកាសនោះដែរ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅសារមន្ទីរទួលស្លែងនាពេលនេះ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ត អ្នកដែលបានបាត់បង់ ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) ក្នុងរបបប្រល័យពូជសាសន៍ និងឧទ្ទិសជូនដល់ញាតិកាលទាំង៧សណ្តាន ដែលបានបាត់បង់ជីវិត។
ដូចអ្វីដែលបានធ្វើជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រារព្ធឡើងតាមសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋ ទៅតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការ ប្រគេនចង្ហាន់បិណ្ឌបាត ដល់ព្រះសង្ឃឧទ្ទិសកុសល ដល់អ្នកដែលបានរងគ្រោះ ស្លាប់ទាំងវេទនា នៅក្នុងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងគុក ទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។
តាមការស្រាវជ្រាវមនុស្សមិនតិចជាង៧ម៉ឺននាក់ទេ ដែលត្រូវយកមកធ្វើទារុណកម្ម និងសម្លាប់ក្នុងគុកទួលស្លែងនេះ ក្រោមការគ្រប់គ្រងរបស់កាំង ហ្គិចអ៉ីវហៅ ឌុច ដែលបច្ចុប្បន្នត្រូវបានតុលាការ សម្រេចកាត់ទោសជាប់គុកអស់មួយជីវិត៕