(ភ្នំពេញ)៖ ក្នុងការចរចាបន្តសម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកម្ពុជាឆ្នាំ២០២០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ភាគីសហជីពដែលតំណាងឱ្យកម្មករ បានស្នើសុំតួលេខ១៩៥ដុល្លារក្នុង១ខែ ខណៈដែលនិយោជកសុំត្រឹម១៨៦ដុល្លារ ហើយរាជរដ្ឋាភិបាលស្នើ១៨៧ដុល្លារ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅត្រឹមម៉ោង ៧យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ភាគីនីមួយៗនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រកាសនូវគោលជំហរចុងក្រោយរៀងខ្លួន ដែលក្នុងនោះភាគីតំណាងនិយោជកបានស្នើសុំតួលេខ ១៨៦ដុល្លារអាមេរិក រីឯភាគីតំណាងកម្មករនិយោជិត បានស្នើសុំតួលេខ ១៩៥ដុល្លារអាមេរិកនិង ភាគីរាជរដ្ឋាភិបាលបានដាក់តួលេខ ១៨៧ដុល្លារអាមេរិក ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២០»។
យ៉ាងណាក៏ដោយតួលេខនេះ កាន់តែខិតជិតចូលគ្នា ខ្លាំងជាងការចរចាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
ទោះ ជាយ៉ាងនេះក្តី ការបើកកិច្ចប្រជុំចុងក្រោយ នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ នឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០១៩ ហើយកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បរមា នឹងចាប់ផ្តើមអនវុត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។ នេះបើតាមការប្រកាសរបស់ក្រសួងការងារកន្លងមក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនិយោជិក ក្នុងវិស័យកាត់ដេរ ជារៀងរាល់ឆ្នាំមិនដែលខាន ចាប់តាំងពីឆ្នាំ២០១៣ រហូតមក។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងឆ្នាំ២០១៩នេះ បានកើនដល់ ១៨២ដុល្លារ នៅក្នុងមួយខែ ដែលឆ្នាំ២០២០ ខាងមុខនេះ អាចនឹងកើនឡើងមួយចំនួនថែមទៀត៕