(ភ្នំពេញ)៖ លោកតាលោកយាយ ដែលរងការចោទប្រកាន់ក្នុងករណីទិញឈើខុសច្បាប់ នៅខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅវិញហើយ។
ដោយមានការសណ្តោសប្រណី និងយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ លោកស្រី បាន ស្រីមុំ ចុះដល់លំនៅដ្ឋានផ្ទាល់របស់ លោកតា មឿង សែម អាយុ៧៦ឆ្នាំ និងលោកយាយ ហាង ចាន់ អាយុ៧៣ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរងការចោទប្រកាន់ក្នុងករណីទិញឈើខុសច្បាប់ ក្នុងគោលបំណងយកមកធ្វើគ្រែដេក ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាពេលកន្លងមក ខណៈពេលនេះ លោកតាបានត្រឡប់មកផ្ទះវិញហើយ។
ក្នុងឱកាសចុះជួបផ្ទាល់ លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលប៉ៃលិន និងមានការចូលរួមពីអភិបាលខេត្ត ប្រធានតុលាការ ព្រះរាជអាជ្ញាសាលាដំបូង បាននាំយកភថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២០លានរៀល ជូនដល់គ្រួសារយាយតាទាំងពីរសម្រាប់ដោះស្រាយជីវភាព ទិញគ្រែ និងធ្វើផ្ទះឱ្យបានសមរម្យ ដើម្បីបំពេញបំណងជូនចាស់ជរាទាំងពីរនេះ៕