(ភ្នំពេញ)៖ ក្នុងឱកាសសិស្សានុសិស្សជាង១,០០០នាក់ ដែលមកពីតាមបណ្ដាលរាជធានី-ខេត្ដ ដើម្បីប្រលងចូលរៀននៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលប្រលងតាមប្រព័ន្ធអនឡាញ ដើម្បីជម្រុះទៅវគ្គបន្ដ អាណាព្យាបាលរបស់សិស្សានុសិស្ស បានបង្ហាញភាពពេញចិត្ដ និងរីករាយយ៉ាងខ្លាំង ដែលឃើញសាលារៀននេះ បានផ្ដល់ភាពសុក្រឹត យុត្ដិធម៌ ក្នុងការប្រលង។
លោកស្រី នី ពៅតារា ដែលរស់នៅក្នុងខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ បានថ្លែងទាំងទឹកមុខញញឹមថា «ខ្ញុំសប្បាយចិត្ដណាស់ ពេលឃើញកូនចូលចិត្ដរៀនសូត្រ និងជ្រើសរើសថ្នាក់សិក្សា ដែលមានប្រព័ន្ធសិក្សាភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបជាមួយគ្នាដែលខ្លួនរៀន។ កូនខ្ញុំមកចូលប្រឡងថ្នាក់ទី៧ នៅសាលាជំនាន់ថ្មីនេះ បើកូនប្រលងជាប់ ខ្ញុំនឹងបន្ដជំរុញលើកទឹកចិត្ដគាត់បន្ថែម ដោយមានទាំងរង្វាន់លើកទឹកចិត្ដទៀត»។
ជាងនេះទៅលោកស្រីបន្ដថា «ខ្ញុំពេញចិត្ដនឹងការគ្រប់គ្រងសាលារៀនជំនាន់ថ្មីនេះណាស់ ដែលដើរទាន់សម័យបច្ចុប្បន្ន ដោយមានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់គ្រប់គ្រងការសិក្សារបស់សិស្សានុសិស្ស ទាំងពិនិត្យ និងអវត្ដមាន ដោយភាពសុក្រឹតត្រឹមត្រូវល្អ ជាពិសេស អាណាព្យាបាល ក៏អាចដឹងព័ត៌មានលម្អិត ក្នុងការសិក្សារបស់កូនខ្ញុំបានផងដែរ»។
ជាមួយគ្នានោះ លោកស្រី ស្រេង សុខឃីម បានលើកឡើងផងដែរថា «ខ្ញុំសប្បាយចិត្ដណាស់ ពេលក្រសួងអប់រំបើកឱ្យមានសាលារៀនជំនាន់ថ្មីនេះឡើង ជាពិសេសការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាកម្មវិធីសម្រាប់គ្រប់គ្រង រដ្ឋបាលសាលារៀន ប្រកបដោយភាពងាយស្រួលមែនទែន ក្នុងការគ្រប់គ្រងទាំងកម្មវិធីសិក្សា ទាំងពិន្ទុ ទាំងអវត្ដមាន គឺយ៉ាងសុក្រឹត។ មិនភ័យខ្លាចកូនមិនចូលរៀន ហើយពេលមានបញ្ហាអ្វីមួយ ឪពុកម្ដាយបានដឹងរហ័សទៀត ពួកយើងកក់ក្ដៅណាស់បើសិនជាកូន បានរៀនសាលារៀននេះ»។
ទន្ទឹមនឹងនោះ លោកស្រី យស់ សុខា ក៏បានលើកឡើងមិនខុសគ្នាប៉ុន្មានដែរថា «បើសិនជាការប្រលងតាមប្រព័ន្ធអនឡាញនេះ មានភាពសុក្រឹត និងយុត្ដិធម៌ អ្នកចេះ មានសមត្ថភាពពិតប្រាកដជាប់មែន ខ្ញុំសប្បាយចិត្ដណាស់ខ្លាំង ។ លើសពីនោះ ខ្ញុំក៏សូមរីករាយអបអរសាទរជានិច្ច ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលសាលាជំនាន់ថ្មីនេះ បានដាក់បញ្ជូលនេះ ហើយក៏ចង់ឱ្យសាលាដទៃទៀតដាក់នូវការបច្ចេកវិទ្យាទំនើបនេះ ឬប្រលងតាមអនឡាញនេះ ដើម្បីផ្ដល់ភាពយុត្ដិធម៌ដល់អ្នកមានសមត្ថភាពពិតប្រាកដ»។
ក្នុងឱកាសនោះផងដែរ លោក ហួត ស៊ាងហៃ នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ បានថ្លែងថា សម្រាប់សាលាជំនាន់ថ្មីនៅក្នុងឆ្នាំនេះ យើងបានផ្ដល់ឱកាសសិស្សានុសិស្ស ដែលចង់ចូលរៀនប្រមាណ២០០នាក់ ដោយយើងឱ្យសិស្សានុសិស្ស ចុះឈ្មោះប្រលងចូលរៀនដោយខ្លួនឯង ចាប់ពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែសីហា ដោយសរុបអ្នកចុះឈ្មោះ មកប្រលង គឺចំនួន១២៦៤នាក់។ ការប្រលងយើងប្រព្រឹត្ដទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយប្រលងបីមុខ តាមប្រព័ន្ធអនឡាញ ដោយជម្រុះ ដើម្បីបន្ដទៅវគ្គទី២ ដែលប្រព្រឹត្ដនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
លោកថ្លែងបន្ដថា «យើងនឹងជម្រុះ យកតែអ្នកមានសមត្ថភាពខ្ពស់ជំនាន់២០០នាក់ប៉ុណ្ណោះ ដើម្បីចូលរៀននៅសាលាជំនាន់ថ្មី ឆ្នាំ២០១៩-២០២០នេះ ។ដូច្នេះ ការប្រលងយើងមានភាពសុក្រឹតត្រឹមត្រូវល្អ ប្រកបដោយភាពយុត្ដិធម៌ ហើយការប្រលងនេះ កាន់តែសុក្រឹត ពីពេលដែលប្រលងតាមរយៈអនឡាញនេះ ដោយខុស និងត្រូវ នឹងបង្ហាញឱ្យពួកគាត់ឃើញ។ នេះជាលើកដំបូងបំផុតហើយ ដែលយើងប្រលងតាមរយៈអនឡាញនេះ ដោយសហការជាមួយក្រុមហ៊ុន POSCAR Cambodia ដែលបានបង្កើតប្រព័ន្ធ Wiki School ដើម្បីគ្រប់គ្រងរដ្ឋបាលសាលារៀន ប្រកបដោយភាពងាយស្រួលមែនទែន ក្នុងការគ្រប់គ្រងទាំងកម្មវិធីសិក្សា ទាំងពិន្ទុ ទាំងអវត្ដមាន យ៉ាងសុក្រឹត ជាពិសេស ងាយស្រួលទំនាក់ទំនងរវាងសាលារៀន ជាមួយមាតាបិតា អាណាព្យាបាលសិស្ស ដែលនេះ នឹងធ្វើឱ្យភាពជឿជាក់ទៅលើប្រព័ន្ធគ្រប់គ្រងនៅក្នុងសាលានេះ»។
ព្រមជាមួយគ្នានោះដែរ លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុន POSCAR Cambodia ដែលបង្កើតនូវប្រព័ន្ធ Wiki School នេះបានថ្លែងថា «ដើម្បីផ្ដល់ឱកាសក្មួយៗដែលស្រលាញ់ការសិក្សា និងឱ្យដើរទាន់សម័យបច្ចេកវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ននេះ ទើបក្រុមការងារយើង បានខិតខំប្រឹងប្រែងកែច្នៃ បង្កើតគំនិតថ្មី ឱ្យកាន់តែល្អ សុក្រឹត ទាន់សម័យជូនដល់សិស្សានុសិស្ស រហូតយើងបានដាក់ដំណើរការឱ្យការប្រលងតាមប្រព័ន្ធអនឡាញនេះឡើងបន្ថែមទៀត ដើម្បីធានាបាននូវភាពយុត្ដិធម៌ លឿន ចំណេញពេលវេលា ងាយស្រួលក្នុងការគ្រប់គ្រង របស់សាលារៀនជំនាន់ថ្មីនេះដែរ»។
សូមជម្រាបថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយ ដែលក្រសួងអប់រំ បានដាក់ឱ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥ ដោយការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។ បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ។
ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។ សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យ សម្តេចជាស៊ីម ព្រែកអញ្ចាញ វិទ្យាល័យ ហ៊ុន សែន ពាមជីកង អនុវិទ្យាល័យ គោកព្រីង សាលាបឋមសិក្សា ហ៊ុន សែន កំពង់ចាម សាលាបឋមសិក្សា ព្រះរាជអគ្គមហេសី សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត។កម្មវិធីសិក្សាសិក្សានេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ទៅក្នុងការអប់រំទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់ឧបករណ៍សិក្សាសម្បូរបែបផងដែរ។ ជាពិសេសម៉ោងសិក្សាមានច្រើនជាងកម្មវិធីសិក្សាចាស់។
កាលពីចុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ វិទ្យាល័យព្រះស៊ីសុវត្ថិ បានដាក់ឱ្យអនុវត្ដន៍កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី និងជាសាលារដ្ឋដំបូងគេបំផុត ដែលបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របតាមគោលនយោបាយសាលារៀនសតវត្សទី២១ គឺកម្មវិធី«Wiki School» ដែលជាប្រព័ន្ធគ្រប់គ្រងសាលារៀន ដែលមានមុខងារ គ្រប់គ្រងព័ត៌មានសិស្ស គ្រូ និងបុគ្គលិកអប់រំរបស់សាលារៀន៕