(កំពង់ឆ្នាំង)៖ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឃាត់រថយន្តមួយគ្រឿង ដឹកសត្វមាន់រស់ ដែលនាំចេញពីប្រទេសថៃ តាមច្រករបៀងបឹងឆ្នាំង ខេត្តបាតដំបង។
លោកឧត្តមសេនីយ៍ទោបន្តថា រថយន្តដឹកសត្វមាន់រស់ដែលសមត្ថកិច្ចឃាត់នេះ ពាក់ស្លាកលេខភ្នំពេញ 3E:8056 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ មកដល់ត្រង់ចំណុចផ្សារត្រាច ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ទុក។
តាមការបញ្ជាក់របស់សមត្ថកិច្ចរថយន្តនោះ ជារថយន្តដឹកសត្វជារបស់ក្រុមហ៊ុន គន្ធា រស្មីពេជ្រ ដឹកចេញពីច្រករបៀងបឹងឆ្នាំង ខេត្តបាតដំបង ដែលមានសត្វមាន់រស់ជិត១ម៉ឺនក្បាល ខណៈដែលក្នុងច្បាប់អនុញ្ញាតមានតែ៤ពាន់ក្បាលប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចសម្រេចបានឃាត់ទុកបណ្តោះអាសន្ន ដោយសហការជាមួយមន្ត្រីជំនាញចុះពិនិត្យ ដើម្បីមានចំណាត់ការបន្ត៕