Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មាត់ព្រែកក្បាលរមាស នៅឃុំជុំគ្រៀល ស្រុកទឹកឈូ មានតួនាទីនាំទឹកចូលសមុទ្រត្រូវគេកាយអាចម៍ដីលុប, អភិបាលខេត្តកំពត ប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធយកគ្រឿងចក្រទៅកាយយកចេញជាបន្ទាន់

18-09-2019 17:59

(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឲ្យមន្រ្តីស្ថាប័នជំនាញ រួមជាមួយអាជ្ញាធរពាក់ព័ន្ធយកគ្រឿងចក្រ ទៅកាយយកអាចម៍ដីមាត់ព្រែកក្បាលរមាស ខណៈមានមនុស្សបានចាក់ដី រំលោភយកដោយខុសច្បាប់ ធ្វើជារបស់ខ្លួនឲ្យដូចសភាពដើមវិញ។

ការស្នើរបស់លោកអភិបាលខេត្តកំពត ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដែលទីតាំងខាងលើស្ថិតនៅភូមិសាស្រ្តចំណុចដៃមាត់ព្រែកធម្មជាតិ ជិតស្ពានក្បាលរមាស ជាប់ខាងជើងផ្លូវជាតិលេខ៣៣ ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

អភិបាលខេត្តកំពតបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ថា «រាល់ដីសាធារណៈរបស់រដ្ឋ មិនអាចបុគ្គលណាមួយ មានសិទ្ធិកាន់កាប់ ឬមានបំណងទន្ទ្រាន រំលោភយកមកកាន់កាប់ ដោយល្មើសច្បាប់បានឡើយ។ ជាក់ស្ដែងទីតាំងដីនេះ គឺជាដីដៃមាត់ព្រែកធម្មជាតិ ដែលមានមុខងារយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រភពផ្សេងៗ នាំចូលក្នុងព្រែកក្បាល រមាសខាងលើ បញ្ជូនទឹកទៅក្នុងសមុទ្រថែមទៀតផង»។

អភិបាលខេត្ត ក៏បានប្រគល់តួនាទីភារកិច្ចនេះ ជូនអភិបាលស្រុកទឹកឈូ ជាអ្នកដឹកនាំអាជ្ញាធរមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបន្តតាមដានការកាយនេះរហូតដល់អស់អាចម៍ដី ទុកមាត់ព្រែកក្បាលរមាសខាងលើឱ្យដូចសភាពដើមវិញ។

លោក ជាវ តាយ ក៏បានរំលឹកណែនាំដល់អាជ្ញធរមូលដ្ឋាន ក៏ដូចជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ មុននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ ធ្វើការសុំច្បាប់ចាក់ដីអភិវឌ្ឍទីតាំងអ្វីមួយ ត្រូវតែពិនិត្យឲ្យបានគ្រប់គ្រាន់រាល់ឯកសារ ឲ្យបានត្រឹមត្រូវស្របច្បាប់ជាមុនសិន។ បើពុំដូច្នោះទេសូមអាជ្ញាធរមូលដ្ឋាន មិនត្រូវអនុញ្ញាតឲ្យចាក់ដីលុបដោយខុសច្បាប់នោះទេ។ ព្រោះការហាមឃាត់ដូចនេះ គឺដើម្បីរួមគ្នាទប់ស្កាត់រាល់បទល្មើស ឬបុគ្គលដែលតែងតែដើររំលោភបំពានយកដីរដ្ឋ ឬឯកជន ដែលនាំឲ្យកើតជាវិវាទទំនាស់ដីធ្លី និងនាំឲ្យមានការលំបាកដល់អាជ្ញាធរ ឬថ្នាក់ដឹកនាំ។

លោកអភិបាលខេត្ត បានបញ្ជាក់ប្រាប់ទៀតថា ចំពោះសកម្មភាពល្មើសខាងលើ ត្រូវតែអនុវត្តតាមនីតិវិធីច្បាប់៕