(កណ្ដាល)៖ តបតាមការសន្យា របស់លោកអភិបាលខេត្តកណ្ដាល ម៉ៅ ភិរុណ បានក្លាយជាការពិត ដោយសិស្សដែលប្រឡងជាប់និទ្ទេស A ទាំង១៤នាក់ ទូទាំងក្រុងតាខ្មៅ ទទួលបានម៉ូតូ Scopy ឆ្នាំ២០២០ ម្នាក់មួយគ្រឿង និងឧបត្ថម្ភសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យក្នុងក្រុងតាខ្មៅចំនួន១១៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល។
ពិធីសំណេះសំណាលនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា ក្រោមការកែទម្រង់ស៉ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យវិសយ័អប់រំមានគុណភាព ដូចពាក្សថា អ្នកចេះគឺប្រឡងជាប់។
លោកអភិបាលខេត្ត ក៏បានជំរុញសិស្សទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការទៅសិក្សានៅតាមមហាវិទ្យាល័យនានា ដើម្បីយកចំណេះដឹងបម្រើសង្គមជាតិ ពិសេសខេត្តកណ្តាលតែម្តង។
សូមបញ្ជាក់ថា សម័យប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នៅក្រុងតាខ្មៅ គឺមានបេក្ខជនមកប្រឡងសរុប ១,៥២៨នាក់ ស្រី៧៩៨នាក់ ប្រឡងជាប់ចំនួន ១,១៣០នាក់ ស្រី៥៩៧នាក់ ត្រូវជា៧៣, ៩៥% ក្នុងនោះនិទ្ទេសA ចំនួន១៤នាក់ ស្រី៦នាក់ និទ្ទេស B ៥៩នាក់ ស្រី៣៧នាក់ និទ្ទេស C ចំនួន៨៣នាក់ ស្រី៣៧នាក់ និទ្ទេស D ចំនួន២១៣នាក់ ស្រី១២២នាក់ និងនិទ្ទេស E ចំនួន៧៦១នាក់ ស្រី៣៨នាក់៕