(ព្រះវិហារ)៖ ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារតាមតំបន់ព្រំដែនខេត្តព្រះវិហារ លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ នៅទីបញ្ជាការកងពលភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
នាឱកាសនោះ លោក ពេជ សោភ័ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុ ងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជា។
លោកបានលើកឡើងថា ពិធីសំណេះសំណាលនាពេលនេះ គឺស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងតែមានការរីកចម្រើន សុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ក្រោមការដឹកនាំរបស់សមេ្តចតេជោនាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា តាមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
នាឱកាសនោះ ក្រសួងការងារបាននាំមកនូវអំណោយ ក្នុងនាមតំណាងសមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ សរុបថវិកាប្រមាណ ១៤៦លានរៀល៕