(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើកការដ្ឋាន ដើម្បីជួសជុលផ្លូវបេតុអាមេ ផ្លូវបេតុងគ្មានសរសៃដែក និងដាក់ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង សរុបចំនួន៩ខ្សែ ជូនប្រជាពលរដ្ឋរស់នៅ ក្នុងភូមិទូលគោក ភូមិបាក់ទូក ភូមិចុងខ្សាច់ និងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្រោយពីបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក, ផ្លូវបេតុងអាមេ, ស្ដារ និងដាក់ប្រព័ន្ធលូ ជាច្រើនខ្សែ នៅ៣សង្កាត់រួមមកហើយថ្មីៗនេះ។
លោកអភិបាលខណ្ឌឫស្សីកែវ បានប្រកាសបើកការដ្ឋានជួសជុលផ្លូវបេតុអាមេ ផ្លូវបេតុងគ្មានសរសៃដែក និងដាក់ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង សរុបចំនួន៩ខ្សែ ជូនប្រជាពលរដ្ឋ ចំនួន៤ភូមិនេះ ក៏មានការចូលរួមពីលោក-លោកស្រី មន្ត្រីរាជការ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ សរុបប្រមាណ១៥០នាក់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
លោក ជា ពិសី បានបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុង ជួសជុលផ្លូវបេតុង និងការដាក់ប្រព័ន្ធលូ ដើម្បីងាយស្រួលធ្វើដំណើរ និងរំដោះជំនន់ទឹកភ្លៀង ជាមួយការប្រើប្រាស់ផ្សេងៗ ដែលត្រូវបើកការដ្ឋានដាក់ឲ្យដំណើរការស្ថាបនានាពេលនេះ រួមមាន៖
*ជួសជុលផ្លូវបេតុអាមេ ប្រវែង៧៤៨,៦ម៉ែត្រ ទទឹង០៥ ម៉ែត្រ និងកម្រាស់០,១៥ ម៉ែត្រ នៅក្នុងភូមិទូលគោក
*ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង៣៣៩ម៉ែត្រ ទទឹង៣,៦២ម៉ែត្រ និងកម្រាស់០,១២ម៉ែត្រ ក្នុងភូមិទួលគោក និងភូមិបាក់ទូក
*ដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រវែង១,៦៤១ម៉ែត្រ មុខកាត់០,៥ ម៉ែត្រ ក្នុងភូមិទួលគោក ភូមិបាក់ទូក ភូមិចុងខ្សាច់ និងភូមិទួលសំពៅ សរុបចំនួន០៩ខ្សែ ដោយចំណាយថវិកាសរុបចំនួន ៨២៨,៩៥៥,០០០រៀល ប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ទួលសង្កែទី១ ឆ្នាំ២០១៩។
លោក ជា ពិសី ថ្លែងថា ការអភិវឌ្ឍរីកចម្រើនស្ទើរទូទាំងប្រទេស ព្រោះតែកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញបរិបូរណ៍ ពោលបើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ។ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំនីមួយៗ សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក៏មានការអភិវឌ្ឍស្ថាបនាផ្លូវបេតុង, លូរំដោះទឹកខ្វាត់ខ្វែង ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលសង្កាត់-ខណ្ឌ ដើម្បីបញ្ជៀសនូវរាល់ការលិចលង់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា លោក ជា ពិសី បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក២ខ្សែ, ផ្លូវបេតុងអាមេ២ខ្សែ, ដាក់ប្រព័ន្ធលូ២ខ្សែ និងស្ដារលូ១ខ្សែទៀត ដើម្បីងាយស្រួលធ្វើដំណើរ និងរំដោះការលិចលង់ ជូនប្រជាពលរដ្ឋ រស់នៅភូមិក្រោលគោ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ បន្ទាប់ពីបើកការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃដែក១ខ្សែ ផ្លូវបេតុងគ្មានសរសៃដែក២ខ្សែ និងប្រព័ន្ធលូ១ខ្សែទៀត ជូនប្រជាពលរដ្ឋ រស់នៅក្រុម៨ ក្រុម៤ និងក្រុម៥ ភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ នៅព្រឹកថ្ងៃទី១២ ខែកញ្ញាថ្មីៗនេះ ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩។
ជាមួយគ្នានេះ ប្រព័ន្ធលូចាស់១ខ្សែ ដែលរងការខូចខាតបណ្ដាលឲ្យមានការកកស្ទះ មិនអាចរំដោះរាល់ការលិចលង់ ដោយសារជំនន់ទឹកភ្លៀង សម្រាប់ប្រជាពលរដ្ឋរស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវនោះ ក៏បានចាប់ផ្ដើមជួសជុលស្ដារឡើងវិញហើយដែរ និងបានទាំងការស្ថាបនាប្រព័ន្ធលូថ្មី បន្ថែម១ខ្សែទៀត ដោយចំណាយថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩ ប្រមាណ២៣០,០៥៩,០០០រៀល (ជិត៦ម៉ឺនដុល្លារ)៕