(ភ្នំពេញ)៖ ក្រោយមានការតវ៉ាមួយចំនួន ចំពោះការផ្អាកផ្តល់គោលការណ៍នាំចូលមាន់រស់ពីប្រទេសជិតខាង ពិសេសប្រទេសថៃនោះ, លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកពន្យល់បន្ថែមទៀតជុំវិញបញ្ហានេះដោយបញ្ជាក់ថា ការផ្អាកការនាំចូលមាន់រស់ធ្វើឡើង តាមការចង់បានរបស់អ្នកចិញ្ចឹមក្នុងស្រុក ខណៈការផ្ដល់គោលការណ៍ឲ្យនាំចូលវាកើនឡើងលើសលុបពេកទៅហើយ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែកញ្ញានេះ លោករដ្ឋមន្រ្ដីបានអះអាងថា «នៅពេលខ្ញុំចុះធ្វើការតាមបណ្ដាខេត្ត មានប្រជាជនសំណូមពរឲ្យ ជួយទប់ស្កាត់រឿងមាន់នេះ ព្រោះឥឡូវយើងយកទទួលថវិកា ពីគម្រោងជាច្រើនមកជួយរួមមាន៖ ធនាគារពិភពលោក, ធនាគរអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាជាតិមួយចំនួន ដើម្បីបណ្ដុះបណ្ដាល ប្រជាជនឲ្យចេះចិញ្ចឹមមាន់ និងទទួលបានប្រាក់ចំណូល»។
លោករដ្ឋមន្ត្រីបានបន្ដថា មានប្រជាពលរដ្ឋមិនតិចជាង៥ពាន់គ្រួសារហើយ ដែលទទួលបានបណ្ដុះបណ្ដាលឲ្យចេះចិញ្ចឹមមាន់ ហើយប្រជាពលរដ្ឋបានសំដែង ការសប្បាយរីករាយយ៉ាងខ្លាំងផងដែរ ក្នុងការទទួលបានការបណ្ដុះបណ្ដាលទាំងនេះ។
លោករដ្ឋមន្រ្ដីបញ្ជាក់ថា «ប្រជាពលរដ្ឋក៏បានសំណូមពរឲ្យខ្ញុំផ្អាកការនាំចូលមាន់រស់ ដូច្នេះយើងក៏បានធ្វើតាមបំណងប្រាថ្នារបស់គាត់។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានចុះជួបជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ផងដែរ ដោយក្នុងនោះមាន៧៥៣កសិដ្ឋានត្អួញត្អែរថា តម្លៃមាន់ចុះដោយក្នុងសត្វមាន់មួយក្បាលចុះថ្លៃ១ដុល្លារ នេះជាការជះឥទ្ធិពល ក្នុងការចិញ្ចឹមក្នុងស្រុក ហើយប្រសិនបើយើងបើកឲ្យពួកគេនាំចូលមក អុកឡុកខូចតម្លៃទីផ្សារក្នុងស្រុក នោះធ្វើឲ្យការចិញ្ចឹមក្នុងស្រុកបរាជ័យ ពិសេសសេដ្ឋកិច្ចប្រជាពលដ្ឋ»។
លោក វេង សាខុន បានបន្ដថា សេចក្ដីត្រូវការមាន់ពិតបា្រកដ មានចំនួនត្រឹមតែ១៧,០០០ក្បាលប៉ុណ្ណោះក្នុង១ថ្ងៃ ហើយបើនាំចូលរហូតដល់៤-៥ម៉ឺនក្បាលក្នុង១ថ្ងៃនោះ គឺជះឥទ្ធិពលអាក្រក់ដល់ការវិវឌ្ឍក្នុងស្រុក។ បន្ថែមពីនេះ ថវិកាដែលទទួលបានពីគម្រោងធនាគារពិភពលោក និង ADB យកមកបណ្ដុះបណ្ដាលដល់ប្រជាជន ហាក់បីដូចជាគ្មានបានផលប្រយោជន៍អ្វីទាំងអស់៕