(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ ចំនួន ១,២៩៨គ្រួសារ នៅវត្តអម្ពវ័ន្តសត្ថារាម ហៅវត្តព្រែករំដេង ស្ថិតនៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បន្ទាប់ពីជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់រួចមក លោក អ៊ុន ចាន់ដា និងគណៈប្រតិភូ បានអញ្ជើញយកទេយ្យទានជាគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទៅប្រគេនព្រះសង្ឃ ស្របពេល ពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តអម្ពវ័ន្តសត្ថារាម ហៅវត្តព្រែករំដេងនេះ ផងដែរ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមជាមួយនឹងអំណោយរបស់គណៈកម្មការអធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវចែកជូន បងប្អូនប្រជាពលរដ្ឋ មកពីឃុំព្រែករំដេង និងឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ទាំង ១,២៩៨គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបានអង្គរ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកា ១ម៉ឺនរៀល៕