(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ បានអំពាវនាវប្រជាពលរដ្ឋអ្នកលក់ដូរតាមឆ្នេរ សូមឱ្យមានការរៀបចំវិចខ្ចប់ ទុកដាក់សំរាមឱ្យបានល្អ។ ជាមួយគ្នានេះ ក៏បានជំរុញឱ្យក្រុមហ៊ុនប្រមូលសម្រាម kswm ប្រមូលសំរាមឱ្យបានលឿន កុំទុកយូរនាំឱ្យរសាត់ចូលប្រឡាយ និងរាយប៉ាយបែបនេះទៀត ធ្វើយ៉ាងណារួមគ្នាលើកកំពស់បរិស្ថានក្រុងព្រះសីហនុ ឱ្យបានល្អប្រសើរឡើង។
ការជំរុញបែបនេះរបស់លោក ម៉ាង ស៊ីណេត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសាលាក្រុង មន្ទីរបរិស្ថានខេត្ត និងមន្ទីទេសចរណ៍ ចុះប្រមូលសម្រាមកខ្វក់ ដែលរសាត់អណ្តែត តាមខ្សែទឹកហូរកកកុញនៅតំបន់ចុងឆ្នេរអូរឈើទាល ហៅសំណាក់ស្តេចស្ថិតក្នុង ក្រុម០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា បញ្ហាសំរាមនៅក្រុងព្រះសីហនុ នេះកំពុងតែក្លាយជាបញ្ហាប្រឈមមួយគួរបារម្ភណាស់ ព្រោះក្រៅពីធ្វើអោយប៉ះពាល់បរិស្ថាន វាក៏បង្កផលមិនល្អដល់សុខភាពផងដែរ។ បញ្ហានេះ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរមានការរអ៊ូរទាំជាបន្តបន្ទាប់ ខណៈដែលក្រុមហ៊ុនប្រមូលសំរាម kswm មិនបានប្រមូលដឹកចេញឱ្យទាន់ពេលវេលាស្របពេលដែលបរិមាណសំរាមចេះតែបន្តកើនឡើងរាល់ថ្ងៃ។
ឆ្លើយតបបញ្ហានេះដែរ ក្រុមហ៊ុនប្រមូលសំរាម ក៏បានខិតខំក្នុងការប្រមូលផងដែរ ប៉ុន្តែមិនអាចធ្វើបានដូចការគិតដោយសារ នៅតែបរិមាន សំរាមនៅតែបន្តកើនឡើង។ មួយវិញទៀតការដឹកចេញយកទៅក្រៅក្រុងជួបការលំបាកដោយសារស្ថានភាពចរាចរណ៍ នៅក្នុងក្រុងព្រះសីហនុ បច្ចុប្បន្នមានសភាពកកស្ទះខ្លាំង។
ទោះយ៉ាងណាខាងតំណាងក្រុមហ៊ុន kswm បានឱ្យដឹងថា ពួកគេកំពុងបង្កើនបន្ថែមទៀតទាំងកម្លាំងកម្មករ, មធ្យោបាយ និងពេលវេលា ដើម្បីជំរុញការប្រមូលសំរាមចេញពីទីប្រជុំជនក្រុងព្រះសីហនុ ក៏បានទាន់ពេលវេលា៕