(កោះកុង)៖ ដើម្បីសុវត្តិភាពសុខភាពមន្ត្រីសាខាកាំកុងត្រូល ខេត្តកោះកុង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានសហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរក្រុង ចុះត្រួតពិនិត្យទៅលើភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ និងរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារ តាមលំនៅដ្ឋាន និងម៉ាត ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយផ្តោតសំខាន់ ទៅលើភេសជ្ជៈគ្រឿងឧបរិភោគបរិភោគ ណាដែលហួសការបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំផលិត។
លោក តាន់ វិជិតសដ្ឋា អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានឱ្យដឹងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលទំនិញ សេវា និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ លក្ខណៈរូបវ័ន្ត និងពិនិត្យលើលក្ខណៈទូទៅខាងក្រៅ របស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ការបរិច្ឆេទកំបុ័ងកំពិតប៉ោងរលួយ។ល។ និងត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ដូចជា៖ ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍ របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក តាន់ វិជិតសដ្ឋា បានបន្តថា ជាលទ្ធផលមន្ត្រីសាខាកាំកុងត្រូល ការចុះត្រួតពិនិត្យធ្វើតេស្តទៅលើរាល់មុខទំនិញភេសជ្ជៈគ្រឿងឧបភោគ ដែលអាជីវកដាក់តាំងលក់នៅក្នុងផ្សារដងទង់ និងតាមលំនៅដ្ឋានមន្ត្រីកាំកុងត្រូល មិនបានរកឃើញនៅសារធាតុគីមី ក្នុងគ្រឿងឧបរិភោគ និងហួសការបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ ផលិតនោះឡើយ ហើយមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយបន្ថែមដល់អាជីវករឱ្យចេះមើលរាល់មុខទំនិញមុន នឹងយកចូលមកលក់ ហើយណែនាំបើរបស់ណាមានការសង្ស័យ ឬជិតផុតកំណត់ថ្ងៃ ខៃ ឆ្នាំ ផលិតកុំទិញយកមកលក់ឱ្យសោះ វាអាចប៉ះពាល់សុខភាព អ្នកទិញយកមកបរិភោគ។
លោកបានបញ្ជាក់បន្ថែមថា មន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយធ្វើការណែនាំអាជីវករ ឱ្យមានការយល់ដឹងកាន់តែខ្ពស់ចំពោះបញ្ហានេះផងដែរ ហើយចំពោះប្រជាពលរដ្ឋគាត់បានយល់ដឹងច្រើន ចំពោះបញ្ហានេះមុនគាត់ទិញយក ទៅបរិភោគរាល់មុខទំនិញណាមួយដែលគាត់ត្រូវទិញ។
លោកបានអំពាវរនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវមានការបរិច្ឆេទ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍ និងផ្សព្វផ្សាយណែនាំដល់អាជីវករនៅក្នុងផ្សារដងទង់ ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេសមុននឹងទិញយកទៅប្រើប្រាស់ ឬបរិភោគដើម្បីសុខភាពរបស់បងប្រជាពលរដ្ឋ៕