(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះធ្វើរដ្ឋបាលនៅកន្លែងចាក់សំរាមចាស់ ក្នុងនោះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៥នាក់ ព្រមទាំងដកហូតថ្នាំញៀន ២១កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន ស្ថិតនៅក្នុងភ្នំសំរាម ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ និងមានការឯកភាពពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារង ព្រមទាំងមានការចូលរួមពីលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោកមេបញ្ជាការរង កងរាជអាវុហត្ថខណ្ឌ ដើម្បីចុះប្រតិបត្តិការបង្ក្រាប គ្រឿងញៀនទ្រង់ទ្រាយធំ នៅតំបន់ភ្នំសំរាម ដែលហៅថាទីលានចាក់សំរាមចាស់។
លោក ម៉េង វិមានតារា បានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានធ្វើការបែងចែកជា ៤គោលដៅ និងឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រី ២៥នាក់ ស្រី៦នាក់ ព្រមទាំងដកហូតថ្នាំញៀន២១កញ្ចប់ ក្នុងនោះ២កញ្ចប់ធំ, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូ២គ្រឿង។ ដោយឡែកចំពោះទីតាំង ដែលក្រុមជនសង្ស័យទាំងនោះបានស្នាក់នៅ និងចែកចាយគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចធ្វើការរុះរើសចេញ ដោយមិនទុកឲ្យទីតាំងខាងលើនេះ បើកលក់ដូរទៀតឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង ២៥នាក់ និងវត្ថុតាងទាំងអស់នេះ ត្រូវបញ្ជូនយកទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕