(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ការថែទាំសម្រស់ស្ត្រីកម្ពុជា ឱ្យស្របតាមការវិវត្តន៍របស់សង្គមជាតិនោះ វិទ្យាសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានសហការជាមួយសាកលវិទ្យាល័យ Konyang Cyber University (KUCU) របស់ប្រទេសកូរ៉េខាងត្បូង សហការគ្នា បង្កើតមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេសថែរក្សាសម្ផស្ស និងច្នៃម៉ូតសក់ដល់ស្ត្រីដោយផ្អែកលើ ICT ក្នុងប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហ៊ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក RHO Hyunjun ប្រធាន Koica ប្រចាំកម្ពុជា, លោក Dr. Hee. Soo Kim ស្ថាបនិកនៃមូលនិធិ Kongyang Education Fondation សាធារណៈកូរ៉េខាងត្បូង, លោក តាន់ កុសល នាយក នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍, លោក Won-Mook Lee សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Konyang University និង Konyang Cyber University ព្រមទាំងតំណាងស្ថានទូតកូរ៉េ បានអញ្ជើញកាត់ខ្សែបូរណ៍សម្ពោធបន្ទប់មជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេសថែរក្សាសម្ផស្ស និងច្នៃម៉ូតសក់ នៅវិទ្យានសហគ្រិនភាព និងនិវានុវត្តន៍ រាជធានីភ្នំពេញ។
លោក ហ៊ីង ស៊ីដេត បានថ្លែងថា តាមរយៈសន្តិភាពពេញលេញ និងការអភិវឌ្ឍ បានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាទទួលបានការរៀនសូត្រ មានការអភិវឌ្ឍប្រទេសជាតិ ធ្វើឱ្យប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី០៦ កំពូលគេ នៃប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងចំណោមប្រទេសជាង ១៩០ទូទាំងពិភពលោក។ ដោយឡែក ឧស្សាហកម្មកាត់សក់ និងកែសម្ផស្សនៅក្នុងប្រទេសកម្ពុជា ឃើញថាមានការរីកចម្រើន និងមានតម្រូវការខ្ពស់ ដែលជាកត្តាដ៏ចម្បងមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសជាតិផងដែរ។
លោកបានបន្តថា ដើម្បីឱ្យកម្ពុជាសម្រេចបានគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ កម្ពុជាត្រូវធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែល ពឹងផ្អែកលើវិស័យកសិកម្ម និងការប្រើប្រាស់ អតិពលកម្ម (ប្រើកម្លាំងបាយច្រើន) ទៅជាប្រទេសដែលមានរចនាសម្ព័ន្ធសេដ្ឋកិច្ចពឹងផ្អែកលើវិស័យ ឧស្សាកម្ម និងសេវាកម្ម ដោយប្រើប្រាស់កម្លាំងពលកម្មដែលមានជំនាញ តាមរយៈការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យស្របទៅនឹងតម្រូវការ និងការផ្លាស់ប្តូរក្នុងវិស័យឧស្សាហកម្ម។ ដើម្បីជាការរួមចំណែក ដល់ការសម្រេចគោលដៅនេះ យើងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ដើម្បីធ្វើការបណ្តុះបណ្តាលដលយុវជនឱ្យបានឈានឡើង និងត្រូវធ្វើការផ្លាស់ប្តូរ ការបណ្តុះបណ្តាលដែលពីមុនជាការបណ្តុះបណ្តាលវគ្គខ្លីៗ លើវិស័យកសិកម្មទៅជាការបណ្តុះបណ្តាលរយៈពេលវែង ដែលពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម ឱ្យបានកាន់តែច្រើន។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកូរ៉េ បង្ហាញថាកម្ពុជា គឺជាប្រទេសជាដៃគូដ៏សំខាន់បំផុតទីបីរបស់ Official Development Assistanic (ODA) ទ្វេភាគីរបស់ប្រទេសកូរ៉េ ដែលបានផ្តល់ជំនួយសរុបចំនួន ៦៥០លានដុល្លារ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១៤ យុទ្ធសាស្រ្តកិច្ច សហប្រតិបត្តិការជាតិ របស់រដ្ឋាភិបាលកូរ៉េ សម្រាប់កម្ពុជា ផ្តោតសំខាន់រួមមានទី១៖ ការអភិវឌ្ឍកសិកម្ម និងជនបទ, ទី២៖ ហេដ្ឋារចនាសម្ព័ន្ធ នៃការដឹកជញ្ជូន និងថាមពល, ទី៣៖ ការអភិវឌ្ឍធនធានមនុស្ស និងទី៤៖ ការថែទាំសុខភាព គឺត្រូវបានប្រមូលផ្តុំជាតំបន់ នៃកិច្ចសហប្រតិបត្តិការ ដ៏សំខាន់ និង ៧០% នៃបរិមាណជំនួយសរុប ដែលត្រូវបានផ្តោតទៅលើការថែទាំ សុខភាព។ រដ្ឋាភិបាលកូរ៉េ បានកំណត់យកគុណតម្លៃ គោលសំខាន់៣ គឺ៖ ប្រសិទ្ធភាព ចីរភាព និងភាពសុខដុម នៃជំនួយដើម្បីបង្កើនប្រសិទ្ធភាព នៃការអភិវឌ្ឍន៍។
វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនជាលំដាប់ ក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ។ ទិន្នន័យសរុបរបស់សិស្សានុសិស្សសរុបចំនួន៩៣.២២នាក់ បានទទួលការអប់រំស្ថិតិត្រឹមឆ្នាំ២០១៤។ ទោះបីជាយ៉ាង ណាក៏ដោយសិស្សានុសិស្សច្រើនជាង ៩៣% បានចុះឈ្មោះចូលរៀនក្នុងរយៈពេលខ្លី (៤-៦ខែ) ហើយភាគច្រើននៃពួកគេរៀន ខាងកសិកម្ម។ នៅមានជំនាញជាច្រើនទៀត ដែលត្រូវតែពង្រឹងដើម្បីធ្វើឱ្យប្រសើរឡើង។
លោក ហ៊ីង ស៊ីដេត បានបញ្ជាក់ថា បច្ចុប្បន្ននេះស្ត្រីភាគច្រើននៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ មិនទាន់ទទួលបានការបណ្តុះបណ្តាល ត្រឹមត្រូវនៅឡើយទេ ហើយស្ត្រីភាគច្រើន គឺកំពុងធ្វើការនៅក្នុងឧស្សាហកម្មរោង ចក្រកាត់ដេរ វិស័យកម្សាន្ត និងវិស័យកែច្នៃម៉ូតសក់។ តាមការសម្ពោធ នៅខែមិថុនា ឆ្នាំ២០១៨ សមាគមន៍ច្នៃម៉ូតសក់កម្ពុជា បានរាយការណ៍ថា មានហាងកែសម្ផស្ស ចំនួនប្រហែល ៤០០០ នៅក្នុងរាជធានីភ្នំពេញ ដែលមាន ៩៨% ជាហាងកែសម្ផស្សតូចៗ ដែលត្រូវបានដំណើរការប្រតិបត្តិការ ដោយក្រុមគ្រួសារ ដែលមានសមាជិក ២-៣នាក់។ អ្នកតំណាងសមាគម បានរាយការណ៍ថាហេតុផលចម្បងនៃស្ថានភាពបច្ចុប្បន្ន គឺមកពីកង្វះប្រព័ន្ធគុណវុឌ្ឍ ទាក់ទងនឹងឧស្សាហកម្ម កែសម្ផស្ស និងច្នៃម៉ូតសក់ កង្វះវគ្គសិក្សា និងការខ្វះកន្លែងសិក្សា និងសម្ភារបរិក្ខារជាដើម។
អត្រាការងាររបស់ស្ត្រីកម្ពុជា នៅមានកម្រិតខ្ពស់ ទោះជាយ៉ាងណាក៏ដោយការងារស្តីភាគច្រើនជាការងារដែលស្ត្រីមានជំនាញទាប និងមានប្រាក់ខែទាប់។ ជាលទ្ធផលវាលំបាកនឹងបង្កើនសេដ្ឋកិច្ច របស់ស្ត្រីកម្ពុជាកើនឡើង។ ការបង្កើនប្រាក់ឈ្នួលរបស់ស្ត្រី ត្រូវមានជំនាញ និងទទួលបានប្រាក់ខែខ្ពស់។ ក្នុងចំណោមនោះឧស្សាហកម្ម ច្នៃម៉ូតសក់ និងវិស័យកាត់ដេរ គឺជាផ្នែកមួយនៃវិស័យដែលស្ត្រី បានចូលរួមច្រើន ហើយវាជាវិស័យ ដែល កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕