(ប្រ៊ុយណេ)៖ រដ្ឋមន្ត្រីកិច្ចការសាសនា នៃប្រទេសប្រ៊ុយណាដារូសាឡាម លោក PEHIN UDANA KHATIB DATO PADUKA SER SETIA USTAZ HAJI AWANG BADARUDDIN BIN PENGARAH DATO PADUKA HAJI AWANG OTHSMAN បានលើកឡើងថា ក្នុងនាមក្រសួងកិច្ចការឥស្លាមប្រទេសប៊្រុយណេ សូមឯកភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនឥស្លាមកម្ពុជា តាមរយៈការផ្តល់ជំនួយលក្ខខណ្ឌបច្ចេកទេស បណ្តុះបណ្តាលវិស័យអទិភាព នៃក្របខណ្ឌឥស្លាម ដែលកំពុងមានតម្រូវការចាំបាច់នៅកម្ពុជា។
ការបណ្ដុះបណ្ដាលនោះរួមមាន ការផ្តល់ឯកសារគតិយុត្តផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាលគ្រប់គ្រងប្រតិបត្តិការស្តង់ដាហាឡាលកម្ពុជា ការគ្រប់គ្រងកិច្ចការហាជ្ជី (ការធ្វើពិធីបុណ្យ ធម្មយាត្រា) ការគ្រប់គ្រងប្រព័ន្ធហ្សាកាត់ (ស្តង់ដារប្រព័ន្ធបរិច្ចាគទាន) ប្រព័ន្ធសិក្សាធិការ និងការគ្រប់គ្រងរដ្ឋបាលទូទៅជាដើម។ ក្រៅពីនេះ ក្រសួងនឹងផ្តល់កិច្ចសហការជាមួយ ស្ថាប័នពាក់ព័ន្ធចូលរួមជ្រោមជ្រែង លើវិស័យមនុស្សធម៌នានា ព្រមទាំងវិស័យអប់រំផងដែរ។
នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីកិច្ចការសាសនា នៃប្រទេសប្រ៊ុយណេដារូសាឡាម នៅឯទីស្តីការក្រសួង នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៩ ក្នុងឱកាសដែលទទួលជួបពិភាក្សាការងារ ជាមួយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាមួយគណៈប្រតិភូកម្ពុជាជាច្រើនរូប។
បន្ទាប់ពីបានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងសហការលើកកម្ពស់វិស័យនានា ពីភាគីក្រសួងកិច្ចការសាសនាឥស្លាមប៊្រុយណេ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានអរគុណដល់លោករដ្ឋមន្ត្រីកិច្ចការសាសនាប៊្រុយណេ ក៏ដូចជាមេដឹកនាំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនា នៃប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី (MABIMS) ដែលបានទទួលស្គាល់ និងកោតសរសើរការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
តាមរយៈការដឹកនាំដ៏ល្អប្រសើរ និងប៉ិនប្រសប់នេះរបស់សម្តេចនេះហើយ បានធ្វើឲ្យរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនា នៃប្រទេសទាំង៤ បានឯកភាព ជាឯកច្ឆ័ន ក្នុងការបញ្ចូលកម្ពុជា ជាសមាជិកសង្កេតការណ៍សម្រាប់ឆ្នាំដំបូង ហើយជាសមាជិកពេញសិទ្ធិនៅឆ្នាំបន្ទាប់ ក្នុងគោលបំណងដើម្បីឲ្យកម្ពុជា កាន់តែមានភាពងាយស្រួល ក្នុងការទំនាក់ទំនងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយបញ្ហាកិច្ចការឥស្លាមទូទៅ ដោយមិនជ្រៀតជ្រែក កិច្ចការនយោបាយប្រទេសជាសមាជិក ដែល MABIMS ក្នុង១ឆ្នាំ មានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ម្តង និងជំនួបថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការ២ឆ្នាំម្តង៕