(ក្រុងតាខ្មៅ)៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩៖០០ព្រឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលធ្វើបទសម្ភាសពីវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន(CMG) និងទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅភូមិគ្រឹះរបស់សម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ ហ៊ុន សែន បានជូនពរយ៉ាងកក់ក្តៅចំពោះខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយបានសម្ដែងថា ក្រោមការដឹកនាំរបស់គណបក្ស កុម្មុយនិស្តចិន ប្រទេសចិនបានទទួលសមិទ្ធផលនៃការអភិវឌ្ឍដ៏មហាអស្ចារ្យ ហើយបានដើរតួនាទីយ៉ាងសំខាន់ដល់វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា៖ «ភាពរីកចម្រើនរបស់ចិនគឺសម្រាប់ការរីកលូតលាស់ រីកធំធាត់ របស់សាធារណរដ្ឋប្រជាមានិតចិន គឺជារឿងអស្ចារ្យណាស់ ដែលអាចបង្ហាញឃើញពីតួនាទី នៅត្រង់ថា ទំហំផ្ទៃដីរបស់ចិនប្រហែលជាមិនដល់១០ភាគរយនៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែចិនបានចិញ្ចឹមប្រជាពលរដ្ឋគឺប្រមាណជិត២០ភាគរយឯណោះ នោះហើយគឺជាសមិទ្ធផលដែលពួកគេមិនមើលរំលងអំពីទិដ្ឋភាពបែបនេះ អាចជាសមិទ្ធផល ដឹកនាំដ៏អស្ចារ្យរបស់បក្សកម្មុយនីស្តចិន។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនបានក្លាយជាប្រទេសមានទំហំសេដ្ឋកិច្ចកម្រិតទី២ នៃពិភពលោកដែលប៉ុន្មានជា១០ ទៅ២០ឆ្នាំមុននោះ គ្មាននរណានឹកស្មានដល់ថា ចិនអាចដើរដល់កម្រិតនេះទេ។
នេះគឺជាចំណុចដែលយើងត្រូវមើលឃើញពីល្បឿននៃការហក់ឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ ក្នុងនោះវិស័យសេដ្ឋកិច្ច ជីវភាពប្រជាជនមានការកើនឡើងគួរឱ្យកត់សម្គាល់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្តទៀតថា «ក្រៅពីការអភិវឌ្ឍប្រទេសខ្លួនឯង ចិនបានដើរតួនាទីសំខាន់ៗ នៅក្នុងការនាំមកនូវវិបុលភាព សម្រាប់តំបន់ និងពិភពលោក»។ ក្នុងអំឡុងពេលកើតមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៨ និងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់ដោយបានរួមចំណែកយ៉ាងសំខាន់ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ីនិងពិភពលោក។
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានធ្វើឱ្យប្រទេសជាច្រើនដែលបានចូលរួមក្នុង កិច្ចសហប្រតិបត្តិការទទួលបានផលប្រយោជន៍។ ប្រទេសជាច្រើនកំពុងតែចាប់អារម្មណ៍ខ្លាំងនិងកាន់តែមានការចូលរួមជាមួយនឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ស្របពេលដែលកម្ពុជាក៏ជាអ្នកទទួលផលនៃការរីកលូតលាស់សេដ្ឋកិច្ចចិនដែរ។
នៅពេលនិយាយដល់ការតភ្ជាប់រវាងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជាជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់កម្ពុជាគ្រាន់តែជាផ្នែកមួយ ដែលតភ្ជាប់ទាញយកប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយវាស្របទៅនឹងគំនិតផ្តួចផ្តើម រវាងយុទ្ធសាស្រ្តចតុកោណ និងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលអាចផ្តល់នូវកម្ពុជារីកលូតលាស់តាមរយៈ ការប្រើប្រាស់នូវវិធានការជាកញ្ចប់ និងវិធានការតាមផ្នែក ដែលលេចចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយឥឡូវអស់លោកបានឃើញ ហើយទាក់ទិនទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍដទៃទៀត ដែលយើងកំពុងទទួលផលប្រយោជន៍ ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលសំយោគមកគួបផ្សំជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជារបស់យើង។ ខ្ញុំគិតថា មិនមែនធ្វើការតែក្នុងរយៈពេលខ្លីទេ បើយោងទៅលើចរិតដែលមានប្រហាក់ប្រហែលគ្នាបែបនេះ យើងអាចធ្វើការជាមួយគ្នាក្នុងរយៈពេលវែង នោះហើយដែលយើងប្រើក្នុង ក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយក៏ជាមិត្តដែកថែបផងដែរ»។
នៅពេលនិយាយដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងចិន សម្តេចបានកត់សម្គាល់ថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ។ សម្តេចបានមានប្រសាស៍ថា «ខ្ញុំតែងតែប្រាប់សហការីរបស់ខ្ញុំ ទាំងក្នុងគណបក្ស ទាំងក្នុងរដ្ឋាភិបាលថា បើយើងទាក់ទងជាមួយរដ្ឋាភិបាលរបស់ សាធារណរដ្ឋប្រជាមានិតចិន យើងកុំមានការភាន់ច្រឡំណាមួយជាមួយតៃវ៉ាន់ឱ្យសោះ ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយការ អនុវត្តនូវនយោបាយចិនតែមួយ គឺជាការគោរពនូវអធិបតេយ្យភាពរបស់ចិន។ ការគោរពអធិបតេយ្យភាពរបស់ចិន វាមានតម្លៃស្មើនឹង ការគោរពអធិបតេយ្យកម្ពុជាខ្លួនឯង។ ចំណុចនេះគឺបានរត់រកគ្នាទៅលើការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក នេះគឺជាចំណុចពិសេសក្នុងទំនាក់ទំនងរបស់យើង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរដល់ប្រទេសចិនដែលតែងតែផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង។ សម្តេចបានមានប្រសាស៍ថា «ចិនបានផ្តល់ជំនួយសម្រាប់កម្ពុជាយើងដោយគ្មានការផ្សារភ្ជាប់ លក្ខខណ្ឌណាមួយទេ។ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព គឺជាចំណុចពិសេស ដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសមិត្តភក្ដិដទៃទៀត តែងតែធ្វើការជាមួយចិនបានយ៉ាងល្អ។ ហើយបើនិយាយពីកម្ពុជា សព្វថ្ងៃ ដូចអ្វីដែលខ្ញុំបានលើកឡើងញឹកញាប់ហើយថា ប្រសិនបើគ្មានជំនួយឬការឧបត្ថម្ភរបស់ចិនទេ សួរថាមកដល់ពេលនេះ តើកម្ពុជាមានផ្លូវថ្នល់ប្រមាណ ៣០០០គីឡូម៉ែត្រនិងស្ពានធំៗឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុននិងស្ពានដែលគ្មានពីពេលមុននោះអត់? ហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាទទួលបានជំនួយពីសាធារណរដ្ឋប្រជាមានិតចិន គឺបានជួយជំរុញសេដ្ឋកិច្ចកម្ពុជាខ្លាំងណាស់។ ការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជាខ្លួនឯង ពឹងអាស្រ័យយ៉ាងខ្លាំងទៅលើជំនួយឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិន ផ្លូវជាង ៣០០០គីឡូម៉ែត្រនេះ គឺតភ្ជាប់ផ្ទៃក្នុងដែលធ្វើឱ្យកម្ពុជាអាចសមាហរណកម្មខ្លួនឯងបាន។
បន្ថែមលើនោះ ចិនក៏បានជួយធ្វើឱ្យយើងបានតភ្ជាប់រវាងប្រទេសកម្ពុជានិងប្រទេសជិតខាងក្នុងតំបន់។ នៅក្នុងសន្និសីទអន្តរជាតិក៏ដូចជានៅទីណាក៏ដោយ គេនិយាយអំពីការតភ្ជាប់ ប៉ុន្តែការតភ្ជាប់ចាំបាច់ត្រូវមានទុន ខណៈដែលកម្ពុជាពុំមានទុនគ្រប់គ្រាន់ទេ ដូច្នេះយើងត្រូវពឹងពាក់ពីមិត្តភក្ដិ ក្នុងនោះពឹងពាក់ច្រើនជាងគេ គឺពឹងពីសាធារណរដ្ឋប្រជាមានិតចិនដើម្បីតភ្ជាប់ផ្ទៃក្នុងផង និងតភ្ជាប់យើងជាមួយនឹងប្រទេសថៃ តភ្ជាប់យើងជាមួយប្រទេសវៀតណាម និងតភ្ជាប់យើងជាមួយ ប្រទេសឡាវ ដែលជាចំណុចដ៏សំខាន់នៅក្នុងរបៀបវារៈអាស៊ាន ក៏ដូចជាសមាហរណកម្មក្នុងតំបន់មេគង្គរបស់យើងឬក៏អាចនិយាយបានថានៅទូទាំងអាស៊ីតែម្តង”។
ពេលនិយាយដល់កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន សម្ដេចបានថ្លែងថា «ខ្ញុំគិតថា ការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាននិងចិន គឺជាការចាំបាច់ ដើម្បីបន្តទៅមុខទៀត។ យន្តការអាស៊ានបូកចិន គឺជាយន្តការដ៏ល្អ ជាមួយនឹងយន្តការអាស៊ានជប៉ុន អាស៊ានកូរ៉េខាងត្បូង និងអាស៊ានបូក៣ ដែលមានអាស៊ានបូកចិន ជប៉ុន និងកូរ៉េខាងត្បូង ប៉ុន្តែនៅមានយន្តការឡានឆាងមេគង្គ ដែលជាការតភ្ជាប់ជាមួយចិនជាមួយបណ្តាប្រទេសនៅជាប់ទន្លេមេគង្គ សុទ្ធតែជាយន្តការដែលបំពេញ បន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិនជាមួយប្រទេសនៅជាប់ដងទន្លេមេគង្គ។ យន្តការទាំងអស់នេះបានផ្តល់នូវស្ថេរភាពសម្រាប់តំបន់ ហើយក្នុងនោះ ជំរុញនូវការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដោយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងបានធ្វើឱ្យតំបន់របស់យើងមានសន្តិភាព ស្ថេរភាព ក៏ដូចជាមានការអភិវឌ្ឍ ដែលជាចំណុចរួមគ្នាទាំងចិននិងបណ្តាប្រទេសនៅក្នុងតំបន់នេះផងដែរ»។
នៅពេលនិយាយដល់ការផ្លាស់ប្ដូរខាងវប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា «នេះជាការផ្លាស់ប្តូរវប្បធម៌ ព័ត៌មាន និងទំនាក់ទំនងប្រជាជននិងប្រជាជន។ ខ្ញុំបានសង្កេតឃើញថា មានទាំងវិទ្យុនិងទូរទស្សន៍ក្នុងការផ្លាស់ប្តូរព័ត៌មានគ្នា ដែលបានផ្តល់ឱកាសដល់ ប្រជាជនចិនយល់ពីកម្ពុជា ហើយក៏ផ្តល់ឱ្យកម្ពុជាយល់ពីចិនផងដែរ។ ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថានីយ៍វិទ្យុនិងទូរទស្សន៍ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបណ្តាញព័ត៌មានដែលមានសហប្រតិបត្តការជាមួយគ្នា ដូចជាខាងភាគីចិនក៏ដូចជាស្ថាប័នព័ត៌មានរដ្ឋនិងឯកជននៃប្រទេសទាំងពីរ សូមលើកទឹកចិត្តឱ្យបន្តសហការគ្នាផ្តល់ព័ត៌មានគ្នាទៅវិញទៅមក វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងកិច្ចការទាក់ទងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដែលនោះគឺជាការលើកស្ទួយទំនាក់ទំនងប្រជាជន ជំរុញដល់ទំនាក់ទំនងក្នុងវិស័យទេសចរ វប្បធម៌ វិស័យព័ត៌មាន ក៏ដូចជាជួយទ្រទ្រង់ទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យដទៃទៀតរវាងរដ្ឋនិងរដ្ឋ ដែលយើងមិនត្រូវមើលរំលងទេ ចំណុចនេះមិនត្រូវមើលស្រាលទេ”។
ឆ្លៀតក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីសារព័ត៌មាន Fresh News ឱ្យបន្តកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរព័ត៌មានជាមួយនឹងវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ក៏ដូចជាទីភ្នាក់ងារព័ត៌មានចិនផ្សេងៗទៀត ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមកនិងរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជ្រាលជ្រៅ និងយូរអង្វែង។
នៅពេលទទួលបទសម្ភាសពីអ្នកសារព័ត៌មានចិន សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការជូនពរដោយស្មោះប្រកបដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅចំពោះប្រទេសចិនថា «នេះហើយដែលកម្ពុជា និងក្នុងឋានៈខ្ញុំជាមិត្តភក្ដិមួយរបស់ចិន សូមជូនពរដល់ប្រជាជនចិន បក្ស កម្មុយនីស្តចិន ក៏ដូចជារដ្ឋាភិបាលនិងប្រជាជនចិន ទទួលបានសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជួយដល់ប្រជាជនចិន រីកលូតលាស់ខ្លួនឯងផង និងជួយដល់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក»៕