(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងលើកចុងក្រោយ ដោយទុកពេល ១០ថ្ងៃប៉ុណ្ណោះដល់ឈ្មោះ ចក់ សារ៉ាន់ និងអ្នកទាំងឡាយ ដែលបានសាងសង់របងហ៊ុមព័ទ្ធរំលោភលើដីកម្មសិទ្ធិអ្នកដទៃ លើសពីទំហំដែលខ្លួនត្រូវទទួលបាន ស្ថិតក្នុងតំបន់B នៃតំបន់អភិវឌ្ឍន៍ឬស្សីកែវ ត្រូវអញ្ជើញមកបំពេញបែបបទ ទទួលយកដីឡូតិ៍ នៅទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស នៃសាលារាជធានីភ្នំពេញ ជាន់ទី៧ អាគារសាងសង់ថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
លើសពីនេះ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យលោក ចក់ សារ៉ាន់ និងលោក-លោកស្រី ជាប្រជាពលរដ្ឋ ដែលបានសាងសង់របងហ៊ុមព័ទ្ធរំលោភលើដីកម្មសិទ្ធិអ្នកដទៃ លើសពីទំហំដែលខ្លួន ត្រូវទទួលបាន ស្ថិតក្នុងតំបន់B នៃតំបន់អភិវឌ្ឍន៍ឬស្សីកែវ ត្រូវរុះរើរបងដោយខ្លួនឯងចេញ ហើយត្រូវប្រគល់ដីកាន់កាប់ខុសច្បាប់មករដ្ឋបាលរាជធានីភ្នំពេញវិញ ដើម្បីរៀបចំបែងចែកជូន បង-ប្អូនប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ដូចបានកំណត់ក្នុងលិខិតលេខ៣០០ សជណ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៦ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
រដ្ឋបាលរាជធានីភ្នំពេញ អះអាងទៀតថា បើក្នុងករណីលោក ចក់ សារ៉ាន់ និងលោក-លោកស្រី មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើរបងទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់សម្ភារអ្វីឡើយ បន្ទាប់ពីលោក-លោកស្រីទទួលបានសេចក្ដីជូនដំណឹងនេះ និងចាប់ពីពេលនេះតទៅ ក្នុងរយៈពេល១០ថ្ងៃ៕