(ភ្នំពេញ)៖ ក្រុមហ៊ុនចិន បានបង្ហាញអំពីគម្រោងវិនិយោគលើវារីអគ្គិសនីមួយទៀត នៅតំបន់តាតៃ ខេត្តកោះកុង នោះគឺវារីអគ្គិសនីតាតៃខាងលើ ដែលនឹងធ្វើឱ្យមានផលចំណេញខ្ពស់ ដោយសារតែខ្សែទឹកមួយអាចប្រើប្រាស់បានដល់២ដង។
ការបង្ហាញអំពីគម្រោងវិនិយោគលើវារីអគ្គិសនីថ្មីនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ណាន ឈុនហ៊ួយ (Nan Cunhui) នាយកប្រតិបត្តិ ក្រុមហ៊ុន ជិន គ្រុប (Chint Group) និងលោក លូ វិនជុន (Lu Wenjun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីណូម៉ាច៍ (Sinomach-HE) ចូលជួបសម្តែងការគួរសម និងពិភាក្សាទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។
បើតាមប្រសាសន៍ លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ បានអភិវឌ្ឍន៍នូវគម្រោងវារីអគ្គិសនីតាតៃ នាពេលកន្លងមក ហើយកំពុងទទួលភាពជោគជ័យល្អ។ លោកបន្តថា ក្នុងជំនួបនេះ សម្ដេចបានសម្ដែងការស្វាគមន៍ ចំពោះគណៈប្រតិភូក្រុមហ៊ុនចិន ហើយបានលើកឡើងថា ការខិតខំគាំទ្រនៅក្នុងការវិនិយោគនៅកម្ពុជា របស់ក្រុមហ៊ុននេះ បានបង្ហាញនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន។
ប្រតិភូក្រុមហ៊ុន បានសម្តែងនូវការរីករាយក្នុងឱកាសបានជួបសម្ដេច ហើយបានបង្ហាញនូវការជឿជាក់ថា ក្នុងរយៈពេលដែលក្រុមហ៊ុន បានមកវិនិយោគនៅកម្ពុជា ជាង១០ឆ្នាំកន្លងមកនេះ ភាពទាក់ទាញ នៅកម្ពុជា បានផ្ដល់នោះ គឺកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលមាន សុវត្ថិភាព ការអភិវឌ្ឍទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានការរីកចម្រើន ជឿនលឿន ដែលធ្វើឱ្យក្រុមហ៊ុនមានជំនឿជាក់ ហើយនឹងបន្តសន្យាប្ដេជ្ញាថា នឹងបន្តការវិនិយោគតទៅទៀត ដើម្បីជួយក្នុងការអភិវឌ្ឍកម្ពុជា។
ក្នុងជំនួបនេះ ប្រតិភូក្រុមហ៊ុន បានលើកឡើងនូវគម្រោងវិនិយោគមួយទៀត គឺវារីអគ្គិសនីតាតៃខាងលើ ដែលអាចផលិតបាន ថាមពល១៥០មេហ្គាវ៉ាត់។ ខណៈវារីអគ្គិសនី ដែលដំណើរការកន្លងមកនេះ គឺតាតៃខាងក្រោម ដែលអាចផលិត ថាមពលអគ្គិសនី២៤០មេហ្គាវ៉ាត់ ដូច្នេះខ្សែរទឹកតែមួយ តែអាចប្រើប្រាស់បាន២ដង ផ្ដល់ឱ្យមានភាពចំនេញ ហើយវានឹងជួយអគ្គិសនីកម្ពុជា ដែលកំពុងតែត្រូវការ ស្របតាមការវិវឌ្ឍ ជឿនលឿនរបស់ប្រទេស។ ក្នុងនោះដែរ ប្រតិភូក្រុមហ៊ុន ក៏បានលើកពីគម្រោងកសាងរោងចក្រ ដើម្បីផលិតឧបករណ៍ ដើម្បីបម្រើលើវិស័យថាមពល រួមទាំងផ្ទាំងសូឡា និងអគ្គិសនីកើតឡើងវិញ ដោយទាំងនេះ វានឹងជួយដល់ការការពារបរិស្ថានផង ការសន្សំសំចៃភ្លើងផង ព្រោះតាមការឱ្យដឹង ផលិតនោះ គឺមានគុណភាពខ្ពស់ ធ្វើឱ្យការប្រើប្រាស់អគ្គិសនី មិនប្រើថាមពលច្រើន ដែលជាការជួយបន្ថយការប្រើប្រាស់ថាមពល និងជួយបរិស្ថាន ដែលនេះគឺជាការរួមចំណែក ដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរខ្លាំង ទៅលើការអភិវឌ្ឍ វិស័យថាមពលអគ្គិសនីនេះ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ពីមុនយើងមានធនធានមនុស្ស ហើយអគ្គិសនី ក៏ជាអទិភាពមួយដែរ។ ដោយសារថាកំណើនការអភិវឌ្ឍន៍កម្ពុជា ការសាងសង់មានច្រើនលឿន។ សម្តេចបន្តថា ពីមុនកម្ពុជាប្រើប្រាស់ថាមពលអគ្គិសនី តែ៣៣មេហ្គាវ៉ាត់ រហូតដល់ពេលនេះ រាប់ពាន់មេហ្គាវ៉ាត់ ហើយនៅតែខ្វះខាតទៀត។ សម្ដេចបានស្វាគមន៍ ជាពិសេស គម្រោងអភិវឌ្ឍន៍តាតៃខាងលើ ដែលខ្សែទឹកតែមួយ អាចប្រើប្រាស់បាន២ដង ដូច្នេះគឺជាការចំនេញ ហើយវានឹងជួយកាត់បន្ថយនូវការលំបាក របស់រាជរដ្ឋាភិបាល ដែលបញ្ហានេះ សម្ដេចបានផ្ដល់អារម្មណ៍ថា ពីមុនយើងគិតគូរតែប្រើប្រាស់តែក្នុងក្រុង និងទីប្រជុំជនធំៗតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះអគ្គិសនី ត្រូវចែកចាយនៅទូទាំងប្រទេស ដល់ប្រជាជនគ្រប់ស្រទាប់ទាំងអស់។
សម្ដេចតេជោ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនថា ក្រុមហ៊ុនមិនត្រូវពិនិត្យមើលតែលទ្ធភាពទីផ្សារកម្ពុជា ដែលមានមនុស្សប្រមាណជា ១៦លាននាក់នោះទេ គឺត្រូវមើលទីផ្សារអាស៊ាន និងទីផ្សារតំបន់ ជាពិសេសក្នុងគម្រោង នៃកិច្ចព្រមព្រៀងថ្មីៗនោះ មានន័យថា រាល់ការវិនិយោគ មិនត្រឹមតែបម្រើ នូវសេចក្តីត្រូវការ របស់ប្រជាជនកម្ពុជាទេ គឺត្រូវគិតទៅលើការផលិត ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារដទៃទៀត ខាងក្រៅផងដែរ។ ជារួមនៅក្នុងជំនួបនេះ សម្ដេចតេជោ បានស្វាគមន៍ចំពោះគម្រោង ដែលក្រុមហ៊ុនចិន បានលើកឡើង ហើយជំរុញឱ្យក្រុមហ៊ុនខិតខំអនុវត្ត ឱ្យបានជោគជ័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនតទៅមុខទៀត៕