(កណ្ដាល)៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាប្រពៃណីជាតិ នៃវេនទី៥ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨នេះ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារីនៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមក។
ពិធីនេះបានប្រារព្វធ្វើឡើង ក្រោមវត្តមាននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកស្រី ប៉ែន ចន្នី រួមជាមួយមេបញ្ជាការរង, នាយទាហាន, នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្សតែងបានរៀបចំពិធីនេះឡើង នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការ ទាំង ៧សណ្តាន ជាពិសេសជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវ មនុញផល និងបានសោយសុខ ក្នុងឋានសុគតិភព។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃ ១០៩អង្គ ដែលនិមន្តមកពីវត្ត ចំនួន៩វត្ត នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសូត្រមន្តរាប់បាត វេរប្រគេនទ័យ្យទានមានគ្រឿងឧបភោគ និងគ្រឿបរិភោគជាច្រើន ទៅដល់ព្រះសង្ឃ ស្របតាម គន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៥នេះ។
គួរជម្រាបថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់កងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានចូល រួមបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិមាតុភូមិ, ការពារប្រជាជន , ការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងការចូលរួមការងារសង្គមកិច្ចជាច្រើនទៀត៕