(ណូវ៉ែលហ្សេឡង់)៖ តបតាមការអញ្ជើញរបស់ លោក ផៀល ទ្វីហ្វត (Phil Twyford) រដ្ឋមន្ត្រីដឹកជញ្ជូន ប្រទេសណូវ៉ែលហ្សេឡង់ លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចូលរួមបើកកិច្ចប្រជុំលើទី១ អាស៊ាន-ណូវ៉ែលហ្សេឡង់ ស្តីពីសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ដែលក្នុងនោះ ប្រទេសកម្ពុជា ជាសហប្រធានជាមួយប្រទេសណូវ៉ែលហ្សេឡង់ នៃការរៀបចំកិច្ចប្រជុំលើវិស័យអាកាសចរស៊ីវិល។
កិច្ចប្រជុំដែលត្រូវរៀបចំ ចាប់ពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីជំរុញការតភ្ជាប់ហោះ ហើររវាងតំបន់អាស៊ាន ជាមួយណូវ៉ែលហ្សេឡង់ ដែលជាដៃគូសន្ទនាមួយ យ៉ាងសំខាន់របស់អាស៊ាន តាមរយៈការរៀបចំ ឲ្យបានសម្រេចនូវកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស។
នៅក្នុងកិច្ចប្រជុំនេះ លោក បណ្ឌិត រដ្ឋមន្ត្រីបានជម្រាបជូនបណ្តាប្រទេសសមាជិកអាស៊ាន និងណូវ៉ែលហ្សេឡង់ថា បើយោងតាមស្ថិតិចុងក្រោយបង្អស់ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) បរិមាណចរាចរណ៍ផ្លូវអាកាស ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ចំនួន៦.៥ ភាគរយ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០៣៣ ហើយបរិមាណចរាចរណ៍ផ្លូវអាកាស ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន នឹងកើនឡើងគុណនឹងបីដង ដល់ទៅជាង២ម៉ឺនជើងហោះហើរក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០៣៣។
លោករដ្ឋមន្ត្រីបន្តថា ដើម្បីជួយសម្រួល និងជំរុញដល់ការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ បណ្តាប្រទេសជាសមាជិកអាស៊ាន បាននឹងកំពុងបន្តបំពេញការងារយ៉ាងសកម្ម ក្នុងការអភិវឌ្ឍបង្កើតឱ្យមានការតភ្ជាប់ តាមផ្លូវអាកាស តាមរយៈការអនុវត្តគោលនយោបាយ «ទីផ្សារអាកាសចរអាស៊ានតែមួយ» ដែលរួមមានកិច្ចព្រមព្រៀង បើកចំហជើងមេឃក្នុងតំបន់អាស៊ាន ក៏ដូចជាវឌ្ឍនភាពក្នុងការបញ្រ្ជាបឥទ្ធិពល និងជំរុញដៃគូសន្ទនាអាស៊ានឱ្យចូលរួម ដូចដែលបានកំណត់ នៅក្នុងផែនការសកម្មភាពយុទ្ធសាស្រ្តដឹកជញ្ជូនគូឡាឡាំពួរ ឆ្នាំ២០១៦-២០២៥។
ទន្ទឹមនឹងនេះ លោក បណ្ឌិតរដ្ឋមន្ត្រី ក៏បានជួបប្រជុំទ្វេភាគី ជាមួយ លោក ផៀល ទ្វីហ្វត (Phil Twyford) រដ្ឋមន្ត្រីដឹកជញ្ជូន ប្រទេសណូវ៉ែលហ្សេឡង់ ដើម្បីពង្រឹងកិច្ចសហប្រត្តិបត្តិការ វិស័យអាកាសចរស៊ីវិល និងជំរុញឲ្យមានការហោះហើរត្រង់នៃប្រទេសទាំងពីរផងដែរ។
តាមរយៈលោក រដ្ឋមន្ត្រី ផៀល ទ្វីហ្វត បានស្នើឲ្យភាគីកម្ពុជាពិចារណា ដាក់សំណើសុំជំនួយបច្ចេកទេស ពីប្រទេសណូវ៉ែលហ្សេឡង់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា ដែលកម្ពុជាកំពុងមាន លើករណីលទ្ធផលសវកម្មអាកាសចរស៊ីវិល របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ពីព្រោះប្រទេសណូវ៉ែលហ្សេឡង់ សម្បូរធនធានបច្ចេកទេស និងបទពិសោធន៍ លើវិស័យអាកាសចរស៊ីវល៕