(ភ្នំពេញ)៖ តំណាង EducationUSA ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ វេទិកាថ្នាក់តំបន់ជាលើកដំបូងស្តីពី ការសិក្សានៅសហរដ្ឋអាមេរិក និងរៀបចំពិព័រណ៍ថ្នាក់ឧត្តមសិក្សា។ វេទិកានេះ បានរៀបចំធ្វើឡើង នាសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
វេទិកានេះ នឹងនាំមកនូវអ្នកប្រឹក្សាយោបល់ EducationUSA មកពីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងសិក្ខាសាលាផងដែរ។ កម្មវិធីនេះ ផ្តោតទៅលើឱកាសអប់រំ ថ្នាក់ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក សម្រាប់និស្សិតកម្ពុជា។ វាជាឱកាសមួយសម្រាប់និស្សិត ដែលមានចំណាប់អារម្មណ៍ ដើម្បីជួបតំណាងមកពីសាកលវិទ្យាល័យ និងអ្នកអាជីពផ្នែកការអប់រំនៅអាមេរិក។
លោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា ស្ថានទូតអាមេរិក នៅភ្នំពេញ មានមោទកភាពក្នុងការរៀបចំវេទិកាថ្នាក់ត់បន់ ស្តីពីការអប់រំ នៅសហរដ្ឋអាមេរិក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាលើកដំបូង។ វេទិកានេះ គឺជាផ្នែកសំខាន់មួយ នៃការខិតខំរបស់យើង ក្នុងការបង្កើនចំនួនសិស្ស និស្សិតដែលសិក្សានៅក្នុងសហរដ្ឋអាមេរិក។
លោក Michael Newbill បានបញ្ជាក់ថា ស្ថាប័នអប់រំ ថ្នាក់ឧត្តមនៅសហរដ្ឋអាមេរិក មានកេរ្តិ៍ឈ្មោះល្បីដាច់គេ ចំពោះគុណភាពអប់រំ ការវិភាគលម្អិត វិទ្យាសាស្ត្រ និងការបញ្ចូលគំនិតច្នៃប្រឌិតថ្មី ការរៀបចំផ្នែកភាសាអង់គ្លេស សម្រាប់អាជីពនិងការរកនិងការផ្តល់ការងារ។
លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផ្តល់អាទិភាពលើការ «ពង្រឹងសមត្ថភាព និងអភិវឌ្ឍធនធាន មនុស្ស» ដែលជាការចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រទេសកម្ពុជា បានឆ្លងកាត់បទពិសោធន៍នូវកំណើនសេដ្ឋកិច្ចដែលមានស្ថិរភាព ជាមធ្យមកំណើនផលិតផលក្នុងស្រុក (GDP) ប្រមាណ ៧% ក្នុងមួយឆ្នាំ។
លោក យក់ ង៉ុយ បានបញ្ជាក់ថា ដើម្បីរក្សានូវកំណើននេះ និងធ្វើឲ្យក្លាយជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ គុណភាពធនធានមនុស្ស ជាពិសេសផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងវិស័យអាទិភាពដទៃទៀត គឺចាំបាច់។ ដូច្នេះ វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវបន្តពង្រឹងភាពជាដៃគូផ្នែកអប់រំ ក្នុងវិស័យឯកជន និងសហគមន៍ជាតិនិងអន្តរជាតិ។
ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ ២០១០មក ទិដ្ឋភាពវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា បានឆ្លងកាត់កំណែទម្រង់ និងការអភិវឌ្ឍន៍ជាច្រើន។
គោលនយោបាយស្តីពី ចក្ខុវិស័យឧត្តមសិក្សា ឆ្នាំ២០៣០ និង ផែនទីចង្អុលថ្នាក់ឧត្តមសិក្សា ឆ្នាំ២០១៥-២០៣០ និងនាពេលអនាគត បានតម្រង់ផ្លូវសម្រាប់ការអភិវឌ្ឍន៍វិស័យអប់រំ ដើម្បីសម្រេចគោលដៅ ជាមូលដ្ឋានទាំងបួន រួមមាន ១៖ គុណភាព និងភាពពាក់ព័ន្ធ, ២៖លទ្ធភាពចូលរៀន និងសមធម៍, ៣៖ អន្តរជាតូនីយកម្ម និងតំបន់នីយកម្មនិង ៤៖ អភិបាលកិច្ចនិងស្វ័យភាព។
គូសបញ្ជាក់ថា EducationUSA គឺជាបណ្តាញមួយ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិ ចំនួន៤០០មជ្ឈមណ្ឌល នៅតាមប្រទេសជាង១៧០ នៅលើពិភពលោក។
បណ្តាញនេះ ផ្សព្វផ្សាយការសិក្សាថ្នាក់ឧត្តមរបស់សហរដ្ឋអាមេរិក ទៅកាន់និស្សិតនៅជុំវិញពិភពលោដោយផ្តល់ព័ត៌មានថ្មីៗ ពេញលេញ និងត្រឹមត្រូវ ស្តីពីឱកាសសិក្សា នៅតាមស្ថាប័នឧត្តម សិក្សាដែលមានការ ទទួលស្គាល់ នៅក្នុងសហរដ្ឋអាមេរិក។
EducationUSA ក៏ផ្តល់ផងដែរនូវសេវានានា ដល់បណ្តាសហគមន៍ផ្នែកឧត្តមសិក្សា នៅសហរដ្ឋអាមេរិក ដើម្បីឲ្យជួយអ្នកដឹកនាំស្ថាប័នទាំងនោះ អាចសម្រេចនូវការជ្រើសរើសនិស្សិតឲ្យចូលរៀន និងធ្វើឲ្យសាលាគេ មាននិស្សិតអន្តរជាតិសិក្សាច្រើន៕