(បាត់ដំបង)៖ គណៈប្រតិភូក្រសួងផែនការដឹកនាំ ដោយលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងជូនអំណោយ ដល់កងកម្លាំងនគរបាលជាតិ សម្ព័ន្ធមេត្រីភាពវរសេនាតូចលេខ៣១០ និងលេខ៨២៣។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជានិច្ច ដល់សុខទុក្ខប្រជាពលរដ្ឋ ជាពិសេសកងទ័ព នគរបាល ដែលកំពុងឈរជើងការពារព្រំដែន។
លោកក៏សូមថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន បងប្អូនកងទ័ពឈរជើងការពារព្រំដែនរបស់យើង ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ការពារព្រំដែន ការពារអធិបតេយ្យភាពរបស់កម្ពុជា ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជនកម្ពុជានៃយើង។
លោកកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះ ទណ្ឌិតដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមព្រះករុណា ព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្ត្រខ្មែរទូទាំងកម្ពុជា គោរពស្រលាញ់ស្មើរជីវិត និងបានប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងថែមទៀត។
លោកថា ដូច្នេះយើងជាកងទ័ព កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ការពារប្រឆាំងដាច់ខាតនឹងក្រុម ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលយើងកំពុងតែមាននេះ អោយបានគង់វង្សស្ថិតស្ថេរ។ កម្ពុជាជាប្រទេសឯករាជ្យ បូរណភាពទឹកដី និងមាននិតិរដ្ឋ គ្មានបរទេសណាអាចមកបង្គាប់បញ្ជាបាននោះទេ។
សម្ភារបរិក្ខារ គ្រឿងឧបភោគ បរិភោគ ដែលបានពាំនាំមកជូននេះ សុទ្ធសឹងជាសណ្តានចិត្ត ទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការ ក្រុមការងារសហភាពសហព័ន្ធយុវជនវិស័យផែនការ ព្រមទាំងថ្នាក់ដឹកនាំក្រសួងផែនការទាំងមូល ដើម្បីជាការតបស្នង ដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានពលី សាច់ស្រស់ ឈាមស្រស់ លះបង់គ្រប់បែបយ៉ាង សម្រាប់ព្រះរាជាណាចក្រកម្ពុជានៃយើង មានសុខសន្តិភាព ការអភិវឌ្ឍន៍ ការពារអធិបតេយ្យភាពរបស់កម្ពុជា និងដើម្បីបង្ហាញពីការរឹតចំនងមិត្តភាព សាមគ្គីភាព ការយកចិត្តទុកដាក់ ពីសមរភូមិក្រោយ ចំពោះសមរភូមិមុខ ដែលត្រូវតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតមិនអាចកាត់ផ្តាច់បាន។
លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់២អង្គភាព ដោយ១អង្គភាពចំនួន៤លានរៀល នគរបាលចំនួន៣១០នាក់ មួយនាក់ ៣ម៉ឹនរៀល ត្រីងៀត៣៦០គីឡូក្រាម មី៣៦០កេសតូច និងឧបត្ថម្ភអធិការនគរបាលស្រុកសំឡូត ចំនួន១លានរៀលផងដែរ។
គួរបញ្ជាក់ថា នេះជាលើកទី២៣ហើយ ដែលគណៈប្រតិភូក្រសួងផែនការ បាននាំយកអំណោយជូនអង្គភាពទាំងពីរ៕