(ប៊្រុយណេដារូសាឡាម)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលគាល់ព្រះចៅស៊ុលតង់ HAJI HASSANAL BOLKIAH MU’IZZADDIN WADDAULAH ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេដារូសាឡាម នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅឯព្រះបរមរាជវាំង ISTANA NURUL IMAN។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានទូលថ្វាយដល់ព្រះមហាក្សត្រ ប្រ៊ុយណេដារូសាឡាម នូវពាក្យពេចន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយក្តីនឹករលឹក និងគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងទូលថ្វាយនូវការរីកចម្រើនរបស់កម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកលើសហគមន៍ឥស្លាម ជាមួយនឹងការផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើន និងបានផ្ដល់ឱកាសជូនដល់សហគមន៍ឥស្លាម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងតាមស្ថាប័នកំពូល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបាទផ្តល់ជូននូវប្រាក់បៀវត្ស ដល់គ្រូបង្រៀនខ្មែរឥស្លាម ចំនួន១,៥០០នាក់។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានលើកឡើងអំពីសក្តានុពលវិនិយោគ នៃប្រទេសកម្ពុជា ហើយក៏បានស្នើសុំឲ្យព្រះអង្គ ជួយជំរុញអ្នកវិនិយោគ ប៊្រុយណេដារូសាឡាម មកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាមានវត្ថុធាតុដើមស្រាប់ ហើយកម្លាំងពលកម្ម ក៏មានតម្លៃសមស្រប និងមានភាពងាយស្រួល ក្នុងការនាំចេញនាំចូលទៅបណ្តាប្រទេសឥស្លាម។
ទេសរដ្ឋមន្រ្តី ក៏បានស្នើព្រះអង្គជួយជំរុញក្រសួងសេដ្ឋកិច្ច ពិនិត្យសិក្សាក្នុងការបើកឲ្យមានធនាគារ និងមីក្រូហិរញ្ញវត្ថុបែបឥស្លាម ដើម្បីជំរុញកិច្ចដំណើរការ គាំទ្រវិស័យឧស្សាហកម្មហាឡាល់នៅកម្ពុជា ស្នើផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា លើវិស័យចំណេះទូទៅ និងផ្នែកបច្ចេកទេសជំនាញ។
ទន្ទឹមនឹងនេះ ទេសរដ្ឋមន្ត្រី ក៏បានអរគុណចំពោះប្រទេសប្រ៊ុយណេដារូសាឡាម ដែលបានបន្តក្នុងការទិញអង្ករពីកម្ពុជា ហើយក៏បានស្នើឲ្យព្រះអង្គ ពិចារណាក្នុងការទិញអង្ករប្រភេទលេខ២ ដែលព្រះអង្គតែងតែទិញដើម្បីជាជំនួយសប្បុរសធម៌ ជូនដល់ប្រទេសក្រីក្រមួយចំនួន។
ជាការឆ្លើយតប ព្រះអង្គម្ចាស់ HAJI HASSANAL BOLKIAH MU’IZZADDIN WADDAULAH បានសម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយក្រៃលែង ដែលបានទទួលនូវពាក្យពេចន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចទាំងទ្វេ និងសព្វព្រះរាជហរទ័យ ផ្ដាំផ្ញើសាកសួរសុខទុក្ខត្រឡប់ទៅសម្ដេចវិញ ដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។
ព្រះអង្គក៏បានកោតសរសើរនូវការរីកចម្រើន និងការអនុវត្តគោលនយោបាយសុខដុមនីយកម្មយ៉ាងល្អប្រសើរនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបានទទួលយក នូវសំណើររបស់ទេសរដ្ឋមន្ត្រី ដោយព្រះអង្គមានបន្ទូលថា នឹងចាត់ឲ្យខាងជំនាញ ក្រសួងស្ថាប័នដែលពាក់ព័ន្ធ សិក្សាទៅលើលទ្ធភាព ជាក់ស្តែង ដើម្បីធ្វើឲ្យដំណើរការ នូវសំណើររបស់ទេសរដ្ឋមន្ត្រី។
គួរជម្រាបជូនថា ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេដារូសាឡាម ទ្រង់ជានាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីក្រសួងការបទេស និងពាណិជ្ជកម្មផងដែរ៕