(មណ្ឌលគិរី)៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានព្រមានដកតំណែងនាយនគរបាលប៉ុស្តិ៍ច្រកទ្វេភាគីណាំលៀ ស្ថិតនៅក្នុងភូមិវ៉ាយោ ឃុំប៊ូស្រា ស្រុកពេជ្រាដា ក្រោយនគរបាលមេច្រកទា្វរូបនេះ បានបើកដៃឲ្យជនជាតិវៀតណាមចូលមកលេងល្បែងខុសច្បាប់ នៅកាស៊ីណូមួយមួយកន្លែងគ្មានច្បាប់ទម្លាប់ក្នុងទឹកដីកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាល និងមន្រ្តីពាក់ព័ន្ធ បានចុះទៅបិទកាស៊ីណូចំនួន ២កន្លែង នៅច្រកទ្វេភាគីណាំលៀ និងច្រកដាក់ដាំ ស្ថិតនៅភូមិវ៉ាយោ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាប់ព្រំដែនវៀតណាម ក្នុងភូមិឌឹកហ័រ ឃុំធុនអាន ស្រុកដាកមិល ខេត្តដាកណុង ដោយសារតែកាស៊ីណូទាំង ២ទីតាំងនេះ គ្មានច្បាប់អនុញ្ញាត និងធ្វើខុសទីតាំងដែលស្នើសុំ ជាពិសេសនោះគឺអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងផងដែរ។
ប៉ុន្តែបើទោះបីមានការចុះបិទកាស៊ីណូទំាំងនេះ យ៉ាងណាក៏ដោយ ក៏ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមជនជាតិវៀតណាមចន្លោះពី៣០០ទៅ៤០០នាក់ បានចូលមកលួចលេងល្បែងខុសច្បាប់ទាំងនេះ ដោយសារតែមេប៉ុស្តិ៍ច្រកទ្វេភាគី និងមន្រ្តីនគរបាលប៉ុស្តិ៍នៅប្រចំាការទីនោះ បានអនុញ្ញាតឲ្យចូលលេងដោយមានបុគ្គលម្នាក់ឈ្មោះ ហ៊ុល ជារត់ការ។
សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី និងមន្រ្តីនគរបាលជាន់ខ្ពស់មួយរូបនេះ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានលួចបង្ហើបថា លោកអនុសេនីយ៍ឯក សំរិទ្ធ ណយ មេប៉ុស្តិ៍ច្រកទ្វេណាំលៀ បានបើកឲ្យជនជាតិវៀតណាមពី ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ ប្រើមធ្យោបាយរថយន្តទួរីសឆ្លងដែនល្មើសច្បាប់ចូលមកក្នុងបរិវេណប៉ុស្តិ៍លេងល្បែងខុសច្បាប់ នៅក្នុងកាស៊ីណូខុសច្បាប់ ជារៀងរាល់ថ្ងៃ។
ជាក់ស្ដែង នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ មានជនជាតិវៀតណាម បានចូលមកលេងល្បែងយ៉ាងសកម្ម។ ពាក់ព័ន្ធនឹងបញ្ហាល្បែងខាងលើនេះដែរ លោកអនុសេនីយ៍ឯក សំរិទ្ធ ណយ បានប្រាប់ថា ដោយសារតែមានឈ្មោះ ហ៊ុល បានយក ស.ជ.ណ មកបញ្ជាក់អះអាងថា មានច្បាប់ទើបលោកហ៊ានអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកលេងយ៉ាងដូច្នេះ។
ដល់ពេលស្រាវជ្រាវទៅ ទើបដឹងថា ស.ជ.ណ នេះគឺមិនមែនជា ស.ជ.ណ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យឈ្មោះ ហ៊ុល នោះទេ គឺជា ស.ជ.ណ ដែលអនុញ្ញាតក្រុមហ៊ុនផ្សេងទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានកំពុងតែរត់ការយកអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង់ពន្ធជូនរដ្ឋ ហើយក៏បានតម្កល់ទុក ស.ជ.ណ នេះនៅក្នុងសាលាខេត្តមណ្ឌលគិរី តែ ស.ជ .ណ នេះធ្លាក់ទៅដល់ដៃឈ្មោះ ហ៊ុល ទើបជាឱកាសឱ្យឈ្មោះ ហ៊ុល យកទៅភូតកុហកមេប៉ុស្តិ៍ណាំលៀថាជារបស់ខ្លួន ទើបបានមេប៉ុស្តិ៍ណាំលៀបើកដៃឲ្យវៀតណាមហូរចូលមកលេងល្បែង ក្នងបរិវេណប៉ុស្តិ៍នគរបាល។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានបញ្ជាក់ថា លោកបានទប់ស្កាត់ និងហាមឃាត់មិនឲ្យពួកគេ (ជនជាតិវៀតណាម) ចូលមកលេខទៀតនោះទេ និងមានចំណាត់បន្តទៀត។
កាលពីពេលចុះបិទនាថ្ងៃទី១២ ខែកញ្ញា កន្លងទៅ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់កាស៊ីណូនៅច្រកទ្វេភាគីណាលៀ មិនមានច្បាប់អនុញ្ញាតនោះឡើយ ដូច្នេះត្រូវតែទៅសុំច្បាប់ទម្លាប់សិន ចាំបើកដំណើរការឡើងវិញ ប៉ុន្តែបើរកឃើញថា មានច្បាប់ ហើយលួចបង្កប់មានល្បែងអនឡាយ ផ្ទុយពីការសម្រេចរបស់នាយករដ្ឋមន្រ្តី និងលួចបើកខុសច្បាប់ពីគោលការណ៍ច្បាប់នោះ កម្លាំងនគរបាលរបស់លោកនឹង ចាត់វិធានការយ៉ាងតឹងរឹង។
ដោយឡែក សម្រាប់កាស៊ីណូ នៅច្រកទ្វេភាគីដាក់ដាំ ត្រូវបានលោកឧត្តមសេនីយ៍ស្នងការ អះអាងថា ក្រោយមានការត្រួតពិនិត្យរួចមក គឺមានច្បាប់អនុញ្ញាត ប៉ុន្តែធ្វើខុសទីតាំង ពោលមានន័យថា កាស៊ីណូនេះធ្វើនៅចំងាយជិត ២០គីឡូពីព្រំដែន ប៉ុន្តែនៅក្នុងច្បាប់អនុញ្ញាតឲ្យធ្វើនៅជាប់ព្រំដែន ហើយជាពិសេសទៀតនោះ កាស៊ីណូនេះបានអនុញ្ញាតឲ្យមានជនជាតិខ្មែរចូលលេងទៀតផង។
សម្រាប់កាស៊ីណូ នៅច្រកដាក់ដាំលោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា លោកទុកពេលឲ្យរុះរើខ្លួនឯងមួយរយៈ ប៉ុន្តែបើមិនរើនោះទេ លោកនឹងចាត់ការតែម្តង ហើយឲ្យម្ចាស់កាស៊ីណូ គិតថ្លៃកម្លាំងពលកម្មជូនកម្លាំងនគរបាលរបស់លោកទៀតផង។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងបញ្ជាក់ថា «ខ្ញុំនឹងចាត់វិធានការ មិនមានការយោគយល់នោះឡើយ ហើយជាអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដាច់ខាត មិនពាក់ព័ន្ធនឹងផលប្រយោជន៍ណាមួយនោះទេ គឺត្រូវអនុវត្តតាមច្បាប់យ៉ាងតឹងរឹងតែម្តង ដើម្បីសេចក្តីសុខទាំងអស់គ្នា»។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ។
នៅក្នុងសារាចរណែនាំ រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុចដូចខាងក្រោម៖
*ទី១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវប ង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។
*ទី២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។
*ទី៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។
ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមអយៈអ៉ិនធើណេត ក្នុង និងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕