(ឧត្ដរមានជ័យ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា និងជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ក្នុងសកម្មភាពបន្តរឹតចំណងសម្ព័ន្ធមេត្រីភាព រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ និងក្រុមហ៊ុនសុភកិ្តនីកាអ៊ីនវេសមេនគ្រុបខូអិលធីឌី (ចំការកៅស៊ូជុប) ជាមួយកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅទីបញ្ជាការដ្ឋានវរសេនាតូចថ្មើរជើងលេខ៤១២ មានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គភាពក្រោមឱវាទ ភ្ញៀវកិត្តិយសជាតំណាងប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករផងដែរ។
សមិទ្ធផលដែលបានដាក់សម្ពោធនាពេលនោះរួមមាន វេទិកា១ខ្នង ផ្ទះហូបបាយ១ខ្នង និងសាលប្រជុំ១ខ្នង ផងដែរ។ ក្រៅពីនេះ លោករដ្ឋមន្ត្រី និងប្រតិភូអមដំណើរ ក៏បាននាំយកគ្រឿងឧបភោគ/បរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួន ដែលបានមកពីការចូលរួមឧបត្ថម្ភ ពីសំណាក់អង្គភាពក្រោមឱវាទក្រសួង និងក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ សម្រាប់ប្រគល់ជូននាយទាហាន នាយទាហានរង ពលទាហាន និងអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ផងដែរ៕