(ត្បូងឃ្មុំ)៖ លោក សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានសមាគមប្រភពល្អកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សប្បុរសជនរដ្ឋគូវែត ចែកជូនពលរដ្ឋខ្មែរមូស្លីម ចំនួន៧០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ដែលមាន៤០០គ្រួសារ រស់នៅភូមិកំពង់ទ្រាស ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ និង៣០០គ្រួសារទៀត រស់នៅភូមិទ្រា៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះលោក សុះ មូហាំម៉ាត់ បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសម្តេចក្រឡាហោម ដែលសម្តេចតែងតែយកចិត្តទុកដាក់ចែករំលែកទុក្ខលំបាកប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ឡើយ។
ដោយសារតែឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ កំពុងជួបប្រទះបញ្ហាគ្រោះទឹកជំនន់ ហើយមានចិត្តអាណិតអាសូរ ទើបលោកបានស្នើរទៅរដ្ឋគូវែត មេត្តាផ្ដល់ជំនួយមកដល់ប្រជារាស្ត្រខ្មែរ ដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ ព្រោះការលិចផ្ទះសំបែងនេះ ពិតជាលំបាកណាស់ទៅហើយ។ ជាការឆ្លើយតបនឹងសំនូមពរ ខាងសប្បុរសជននៃរដ្ឋគូវែតក៏បានទទួលសំនូមពរ ហើយផ្ដល់ជំនួយជាអំណោយគ្រឿងឧបភោគបរិភោគមួយចំនួនធំ យកមកជូនដល់គ្រួសាររងគ្រោះទាំងអស់ ដើម្បីដោះទាល់មួយគ្រាៗសិន។
លោក សុះ មូហាំម៉ាត់ បានបញ្ជាក់ទៀតថា ទីណាមានទុក្ខលំបាក ទីនោះមានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ដែលតែងតែដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋជានិច្ច មិនដូចក្រុមមនុស្សប្រឆាំងទុច្ចរិតមួយចំនួនទេ ដែលនិយាយឲ្យតែរួចពីមាត់ ហើយគ្មានឃើញជួយពលរដ្ឋនោះទេ។ លោកក៏បានផ្តាំផ្ញើឱ្យឱពុកម្តាយគ្រប់រូប មានការប្រុងប្រយ័ត្នកូនកូនតូចៗ នៅរដូវទឹកឡើងនេះ ពីសត្វមានពិស សត្វល្អិតទាំងឡាយ ពិសេសមើលថែកូនចៅកុំឲ្យចុះលែងទឹកផ្ដេសផ្ដាស ក្រែងមានបញ្ហាជាយថាហេតុកើតឡើង៕