(កំពត)៖ លោក ជាវ តាយអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យគ្រោងការសាងសង់ស្ពានត្រើយកោះ ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត នាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើមធ្យោបាយ របស់ប្រជាពលរដ្ឋឲ្យងាយស្រួល ប្រសើរឡើង។
ក្នុងការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានស្នើសុំឲ្យអាជ្ញាធរខណ្ឌដែនដីពាក់ព័ន្ធ សិក្សាចំនួនផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារការពង្រីងផ្លូវតាមទំហំស្ពានដែលគ្រោងទុកនេះ។
សូមបញ្ជាក់ថា នៅពេលថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋបានស្នើសុំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើការសាងសង់ស្ពានត្រើយកោះ សម្រាប់ពួកគាត់ធ្វើមធ្យោបាយឆ្លងកាត់។ ដោយសារស្ពានត្រើយកោះមួយនេះ មានការទ្រុឌទ្រោម ដែលធ្វើឲ្យពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមករបស់ពលរដ្ឋ ពួកគាត់។
ដូច្នេះហើយលោកអភិបាលខេត្តកំពត បានសម្រេចចុះពិនិត្យ និងធ្វើការសាងសង់នៅពេលឆាប់ៗខាងមុខនេះហើយ។ តាមគម្រោងដែលត្រូវសាងសង់ ស្ពានត្រើយកោះ នៅពេលខាងមុខនេះ ជាស្ពានបេតុង មានទំហំ១០ម៉ែត្រ គុណ៧២ម៉ែត្រ៕