(ថៃ)៖ គណៈកម្មការមូលបត្រកម្ពុជា ក្រោមការដឹកនាំពីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគណៈកម្មការមូលបត្រថៃ នៅទីស្តីការគណៈកម្មការមូលបត្រថៃ ទីក្រុងបាងកក ប្រទេសថៃ។
អនុស្សរណៈនេះរៀបចំឡើង ក្នុងគោលបំណងបង្កើន នូវកិច្ចសហប្រតិបត្តិការ រវាងនិយ័តករទាំងពីរពាក់ព័ន្ធ នឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន (Cross-border Equity Offering) និងផលិតផលឌីប៉ូស៊ីតធើរីរីស៊ីប (Depositary Receipt) ដែលជាប្រភេទមួយនៃមូលបត្រ តំណាងឱ្យមូលបត្រដើមដែលបានចុះបញ្ជីលក់ និងកំពុងជួញដូរនៅទីផ្សារមូលបត្រប្រតិស្រុតបរទេស បន្ថែមលើ MoU ស្តីពី «កិច្ចសហប្រតិបត្តិការ ការប្រឹក្សា និងការផ្លាស់ប្តូរព័ត៌មាន» ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៤។
ការចុះអនុស្សរណៈយោគយល់គ្នានេះ រៀបចំឡើងក្រោមការចូលរួមពីលោក ស៊ូ សុជាតិ និងមានការចូលរួមដោយ ប្រធានគណៈកម្មការមូលបត្រថៃ, ប្រធានធនាគារពិភពលោកប្រចាំប្រទេសថៃ, ប្រធានផ្សារមូលបត្រថៃ, អគ្គលេខាធិការសមាគមក្រុមហ៊ុនមូលបត្រថៃ, ប្រធានសមាគមក្រុមហ៊ុនវិនិយោគថៃ, ប្រធានក្លឹបធនាគារវិនិយោគ, តំណាងក្រសួងការបរទេស, តំណាងក្រសួងហិរញ្ញវត្ថុ, អង្គការសហព័ន្ធផ្សារមូលបត្រថៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃ គណៈកម្មការមូលបត្រកម្ពុជា, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងវិស័យឯកជនជាច្រើនរូបទៀត។
តាមរយៈ MoU ថ្មីនេះនឹងអនុញ្ញាតឱ្យមានកិច្ចពង្រឹង ការអនុវត្តច្បាប់រួមគ្នា និងបើកផ្លូវឱ្យមានការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិឆ្លងដែន ពោលគឺក្រុមហ៊ុនដែលចុះបញ្ជី លក់មូលបត្រនៅកម្ពុជា និងថៃ អាចចុះបញ្ជីលក់មូលបត្រជាលើកទី២ ឆ្លងដែននៅថៃ និងកម្ពុជា (Secondary Listing) ឬចុះបញ្ជីលក់មូលបត្រព្រមគ្នានៅកម្ពុជា និងថៃ (Dual Listing) ព្រមទាំងជំរុញឱ្យមានពិពិធកម្មផលិតផល សម្រាប់ការជួញដូរតាមរយៈយន្តការឌីប៉ូស៊ីតធើរីរីស៊ីប។
ការចុះ MoU នេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុននៅកម្ពុជា និងថៃអាចមានលទ្ធភាពទទួលបាន ហិរញ្ញប្បទានក្នុងទំហំកាន់តែធំ ក៏ដូចជាមានសន្ទនីយភាពក្នុងទីផ្សារទាំងពីរ ដែលជាកត្តាចូលរួមជំរុញឱ្យមាន កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរផងដែរ៕