(កំពត)៖ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងចូលរួមថែរក្សាអត្តសញ្ញាណជាតិ តបតាមការណែនាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងចុះពង្រឹងការអនុវត្តការងារ និងភារកិច្ចមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត បានបញ្ជាដល់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត ធ្វើការស្រាវជ្រាវស្វែងរករថយន្តដឹកទំនិញ ដែលបិទរូបទង់ជាតិកម្ពុជាមិនត្រឹមត្រូវ។
ជាលទ្ធផលនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកំពត ដឹកនាំដោយលោក ខាន់ ចាន់វុទ្ធី ប្រធានការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្ម បានស្វែងរកឃើញរថយន្តដែលកំពុងធ្វើចរាចរណ៍នៅក្នុងទីរួមខេត្តកំពត និងបានចាប់ឃាត់ ដើម្បីណែនាំឱ្យម្ចាស់រថយន្តបករូបទង់ជាតិកម្ពុជា ដែលមិនត្រឹមត្រូវនោះចេញ ទើបអនុញ្ញាតឱ្យបន្តដំណើរទៅមុខទៀត។ បន្ថែមពីនេះទៅទៀត ក្រុមការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តកំពត បានណែនាំដល់ម្ចាស់ក្រុមហ៊ុនពិព័រណ៍ឱ្យជួយពិនិត្យ និងតាមដានមើលរថយន្តដឹកទំនិញលក់ កុំឱ្យមានការបិទរូបភាពមិនត្រឹមត្រូវទៀត។
ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់កុំឱ្យកើតមានករណីនេះទៀត៕