(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញមន្ត្រីខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយត្រូវធ្វើខ្លួនឱ្យបានស្អាតស្អំ វៀរចាកអំពើពុករលួយគ្រប់រូបភាព ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត «អភិបាលកិច្ចល្អ» និងក្របខណ្ឌយុទ្ធសាស្ត្រវិមជ្ឈការ និងវិសហមជ្ឈមការ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រីបានលើកសំណើនេះឡើង នាឱកាសចុះសំណេះសំណាល ជាមួយមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ជុំវិញប្រធាទបទវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពចំពោះមុខ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានធ្វើការពន្យល់អំពីវត្ថុបំណងនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្របខណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់នានា ដើម្បីជំរុញ និងធានាការអភិវឌ្ឍកំណើនប្រកបដោយបរិយាប័ន (ការចូលរួមពីគ្រប់ភាគី)។
លោករដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុក្រឹត្យស្តីពីការកែសម្រួល និងប្រព្រឹត្តិទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី ដើម្បីឆ្លើយតបនឹងអភិបាលកិច្ចល្អ ហើយនៅពេលបញ្ជប់ ឯកសារទាំងអស់នេះនឹងផ្តល់វិសាលភាពដល់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តកាតព្វកិច្ចកាន់តែប្រសើរ ព្រមទាំងជួយបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិថែមទៀត។
«ឥឡូវនេះ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ, ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានគណៈរដ្ឋមន្ត្រី និងរដ្ឋសភាអនុម័តរួចហើយ គឺនៅរង់ចាំតែភ្លើងខៀវពីព្រឹទ្ធសភា ចំណែកឯអនុក្រឹត ក៏បានឆ្លងផុតក្រសួងមុខងារសារធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់រួចហើយដែរ គឺនៅតែដាក់ឆ្លងអន្តរក្រសួង ធ្វើការពិនិត្យចុងក្រោយតែប៉ុណ្ណោះ ហើយអគ្គនាយកដ្ឋានកាំកុងត្រូល ក៏នឹងត្រូវប្តូរឈ្មោះថ្មីក្នុងពេលឆាប់ៗផងដែរ»។ លោក សូរស័ក្តិ បានគូសបញ្ជាក់។
គួររម្លឹកថា នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្ដពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មមុខងារជាបន្តបន្ទាប់ដល់ថ្នាក់ក្រោមជាតិ តួយ៉ាងដូចជាការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) ទម្រង់ ឌី (D) សម្រាប់នាំចេញកសិផល ដល់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្តជាប់ព្រំដែន (ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី និងស្វាយរៀង រួមទាំងតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្វើការបណ្តុះបណា្តលមន្រ្តីនៅតាមមន្ទីរពាណិជ្ជកម្ម លើជំនាញវិធានដើមកំណើតទំនិញ ក៏ដូចការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចេញ CO ផងដែរ៕