(ភ្នំពេញ)៖ រដ្ឋាភិបាលអង់គ្លេស មានបំណងស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា គាំទ្រខ្លួន ដើម្បីធ្វើជាដៃគូសន្ទនារបស់អាស៊ាន (Dialogue Partner of Asean) នៅពេលខាងមុខនេះ បន្ទាប់ពីប្រទេសនេះ បានចាកចេញពីសហគមន៍អឺរ៉ុបជាផ្លូវការ។
ការបង្ហាញអំពីគម្រោងស្នើសុំចូលជា ដៃគូសន្ទនារបស់អាស៊ាន បានលើកឡើងដោយ លោកស្រី Heather Wheeler MP អនុរដ្ឋលេខាធិការសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្តីការក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោក មាស គឹមហេង អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបនោះអំពីការពឹងពាក់របស់អង់គ្លេស ដើម្បីឱ្យកម្ពុជាបញ្ចុះបញ្ចូលអាស៊ាន។ លោកលើកឡើងយ៉ាងដូច្នេះថា៖ «ទាក់ទងនឹងបញ្ហាអាស៊ាន លោកស្រី Wheeler បានសម្តែងនូវក្តីសង្ឃឹមថា ពេលអង់គ្លេសចេញផុតពី សហគមន៍អឺរ៉ុបនោះ គឺនៅពេលនោះ អង់គ្លេសនឹងស្នើសុំឱ្យកម្ពុជា គាំទ្រដើម្បីអង់គ្លេសបានធ្វើជាដៃគូចរចារបស់អាស៊ាន (Dialogue Partner of Asean) នៅពេលខាងមុខ»។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសខាងលើ ក៏បានស្រង់សម្តីឆ្លើយតបរបស់ ប្រមុខការទូតកម្ពុជា ដោយអះអាងថា៖ «ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគាំទ្រចំពោះសំណើនេះ ហើយនៅពេលណាដែល អង់គ្លេសចេញផុតពី EU ហើយដាក់សំណើមក កម្ពុជានឹងគាំទ្រចំណុចនេះ»។
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អង់គ្លេស។ ភាគីអង់គ្លេស បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-អង់គ្លេស ហើយគាត់សង្ឃឹមថា ទំនាក់ទំនងនេះនឹងកាន់តែវិវឌ្ឍន៍ល្អទៅមុខទៀត។ លោកស្រីបានចាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់កម្ពុជាយើងផ្នែកសេដ្ឋកិច្ច ពិសេសលោកស្រីចាប់អារម្មណ៍ចំពោះការវិវឌ្ឍន៍នយោបាយជាទូទៅ នៅក្នុងប្រទេសកម្ពុជាផងដែរ៕