(សៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បង្ហាញលទ្ធផលនៃការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យរបបសន្តិសុខសង្គម»។

សន្និសីទថ្នាក់រដ្ឋមន្ត្រីការងារនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប ដែលត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានដឹកនាំកិច្ចពិភាក្ សានៃអង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការឯកភាពគ្នាលើយន្តការរួមមួយ ឆ្ពោះទៅកាន់ការរៀបចំក្របខណ្ឌរួមស្តីពី ចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV។

អង្គសន្និសីទសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

* បានឯកភាពគ្នាលើ «ផែនទីបង្ហាញផ្លូវទីក្រុងសៀមរាប ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារ ស្ដីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV ក្របខ័ណ្ឌរួមមួយដើម្បីធានាថាពលករទេសន្តរប្រវេសន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម នៅពេលធ្វើមាតុភូមិនិវត្តន៍ ឬផ្លាស់ទីកន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

* បានចេញសេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដោយសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចគាំពារពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV តាមរយៈការដាក់ចេញនូវយន្តការចល័តភាពរបបសន្តិសុខសង្គម។

លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍ ដែលកំពុងធ្វើការនៅបរទេសបន្ថែមលើកិច្ចគាំពារសង្គម និងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតនៅក្នុងប្រទេស ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) គោលនយោបាយជាតិស្តីពី មុខរបរ និងការងារ (២០១៥-២០២៥) និងគោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣)៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖