(បាត់ដំបង)៖ រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង១២៩គ្រួសារ នៅស្រុកសំឡូត នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។ កម្មវិធីនេះដឹកនាំដោយលោក ហឿង សុគន្ធ អភិបាលរងខេត្ត និងលោក បណ្ឌិត ប៊ុន គឹស៊ាន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកសំឡូតផងដែរ។
លោក ហឿង សុគន្ធ បានឲ្យដឹងថា បន្ទាប់ពីមានផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកសំឡូតថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់ឃុំចំនួន៤ លើកសភូមិចំនួន ៨ភូមិ ប៉ពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១២៩ខ្នង ក្នុងនោះ១ខ្នងរលំទាំងស្រុងចំនួន ១ខ្នង (រសាត់តាមទឹក) ដាច់ស្ពានយោលចំនួន ២ស្ពាន ឈើ ២ស្រុតក្បាល
ស្ពានចំនួន ១ដូចមានលំអិតខាងក្រោម៖
*ទី១៖ ឃុំកំពង់ល្ពៅ ប៉ះពាល់ភូមិចំនួន ៣ ផ្ទះពលរដ្ឋចំនួន ៥៨ខ្នង
*ទី២៖ ឃុំតាសាញ ប៉ះពាល់ភូមិចំនួន២ ផ្ទះប្រជាពលរដ្ឋចំនួន ៣៥ខ្នង ដាច់ស្ពានយោលរមណីយដ្ឋានស្ទឹងក្រញូងចំនួន០១
*ទី៣៖ ឃុំស៊ុង ប៉ះពាល់ភូមិចំនួន១ និងផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង
*ទី៤៖ ឃុំតាតោកប៉ះពាល់ផ្ទះពលរដ្ឋ ៣៣ខ្នង ដាច់ស្ពានយោល ១ស្ពាន ឈើ ២របួសមនុស្សម្នាក់ និងបាត់ខ្លួន ២នាក់
*ទី៥៖ ឃុំអូរសំរិល ប៉ះពាល់ភូមិចំនួន១ តែមិនប៉ះពាល់ផ្ទះប្រជាពលរដ្ឋនោះទេ។
នៅក្នុងការចុះពិនិត្យ និងសួរសុខទុក្ខ លោក ហឿង សុគន្ធ និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ព្រមទាំងសហការី បាននាំអំណោយយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ក២៥kg, ភួយ១, សារុង១, ក្រមា១, មី១០កញ្ចប់, ត្រីខ៥កំប៉ុង សំពត់តង់១, ទឹកសុទ្ធវីឃែ១ធុង២០លីត្រ និងថវិកា២ម៉ឺនរៀល។
ក្នុងនោះអំណោយលោកបណ្ឌិត ប៊ុត គឹមស៊ាន បានឧបត្តម្ភថវិកាចំនួន ៣០ម៉ឺនរៀល ដល់កម្លាំងវរៈការពារព្រំដែនគោល៥០២ ដែលបានជួយក្នុង ប្រតិបត្តិការសង្គ្រោះក្នុងព្រឹត្តការណ៍។ ចំណែកលោក ហឿង សុគន្ធ បានឧបត្តម្ភសង្ក័សី៥០សន្លឹក និងថវិកាចំនួន ១០ម៉ឺនរៀល ដល់លោកស្រី ឆែម ស្រីមន ត្រូវបានផ្ទះរលំផ្ទះទាំងស្រុង (រសាត់តាមទឹក) និងបានចាត់តាំងឲ្យក្រុមការងារ ជួយធ្វើផ្ទះថ្មីរស់នៅបណ្តោះអាសន្នផងដែរ។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលបានទទួលអំណោយ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងសាខាកាកបាទក្រហមខេត្ត ព្រមទាំងក្រុមការងារក្នុងស្រុកទាំងអស់ ដែលបានដឹងសុខទុក្ខពលរដ្ឋមានគ្រោះអាសន្ន និងចុះមកជួយបានទាន់ពេលវេលារហូតមកផងដែរ៕