(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការ រៀបចំពិធីក្រុងពាលីសូត្រមន្ត និងសម្តែងធម្មទេសនា សម្រាប់ពិធីកាន់បិណ្ឌវេនទី៥ ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជារៀងរាល់ឆ្នាំ លោកស្រី ម៉ែន សំអន និងក្រសួងវប្បធម៌ និងវិចិត្រិល្បៈ តែងនាំមន្ត្រីរាជការក្រសួងរៀបចំពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសលផលបុណ្យ ដល់ជនរងគ្រោះដែលបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅពេលកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់បងប្អូនប្រជាជនខ្មែរទាំងអស់ ដែលអ្នកខ្លះស្លាប់ទៅដោយពុំមានក្រុមគ្រួសារ ដើម្បីធ្វើពិធីបុណ្យឲ្យអ្នកខ្លះ ក៏បានបាត់បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិត នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លានអ្នកនៅទូទាំងប្រទេស។
នាឱកាសនោះដែរ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា កាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែងនាពេលនេះ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) ក្នុងរបបប្រល័យពូជសាសន៍ និងឧទ្ទិសជូនដល់ញាតិការ ៧ការសណ្តាន ដែលបានបាត់បង់ជីវិត៕