(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធ អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី បានថ្លែងថា ការងារគ្រប់គ្រងកាកសំណល់សារធាតុគីមី វិទ្យុសកម្មកាន់តែមានសារៈសំខាន់ ដើម្បីធានាបាននូវហានិភ័យ ដែលបង្កឡើងដោយកាកសំណល់អាវុធនុយក្លេអ៊ែរ។
នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លែអ៊ែ អាវុធជីវសាស្ត្រ និងវិទ្យុសកម្ម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធ បានថ្លែងទៀតថា អាជ្ញាធរជាតិអាវុធគីមី កំពុងរួមគ្នាជាមួយ (OPCW) អង្គការហាមឃាត់អាវុធគីមី និង(UNICRI,EU) ដើម្បីធ្វើការហ្វឹកហាត់សិក្សាវាយតម្លៃការងារ គ្រប់គ្រងហានិភ័យនៃសារធាតុគីមី។
លោកឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធ បានបន្តថា ទោះបីកម្ពុជា មិនមែនជាអ្នកផលិតនូវរាល់សារធាតុគីមី និងសម្ភារគីមីក៏ពិតមែន ប៉ុន្តែកម្ពុជាបាននាំចូលយ៉ាងច្រើននូវសារធាតុពុលគួរឲ្យកត់សម្គាល់ ដូចច្នេះធ្វើអោយមានការគម្រាមកំហែង និងផលប៉ះពាល់ដល់ប្រទេសយើង។ ដូចច្នេះដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់ហានិភ័យអាជ្ញាធរជាតិអាវុធគីមី បានចុះធ្វើការស្រាវជ្រាវតាមបណ្តាខេត្ត តាមព្រំដែនរុករកឃើញនូវគ្រាប់បែកគីមី (ទស្សវត ៦០ ៧០) នៅបណ្តាខេត្តមួយចំនួនដូចជា៖ មណ្ឌលគីរី ត្បូងឃ្មុំ ស្វាយរៀង បានបង្កាញឲ្យឃើញនូវគ្រោះមហន្តរាយដល់សុខភាព សាធារណៈយ៉ាងធ្ងន់ធ្ងរ បង្ករជំងឺជាច្រើនប្រភេទ កុមារក្បាលធំ យុវ័យមួយចំនួនមានសុខភាពខុសប្រក្រតីជាដើម។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់ថ្នាក់ខេត្ត មន្ត្រីអនុវត្តន៍ច្បាប់ជួយ ចូលរួមទប់ស្កាត់រាល់ការដឹកជញ្ជូននូវសារធាតុគីមី ជាពិសេសគឺធ្វើការហាមឃាត់នៅតាម ច្រកព្រំដែនផងដែរ៕