(ភ្នំពេញ)៖ ស្របពេលដែលទឹកទន្លេបាសាក់ និងទន្លេមេគង្គមានការឡើងខ្ពស់ រដ្ឋបាលខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់តាមដានពីស្ថានភាពទឹកជាប្រចាំ ខ្លាចក្រែងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ លិចលង់ផលដំណាំ និងលំនៅដ្ឋាន ជាពិសេសត្រៀមបង្ការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារជិះអូប័រតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ចុះពិនិត្យស្ថានភាពភូមិសាស្ត្រ សង្កាត់នៅជាប់ដងទន្លេ ដើម្បីមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្នុងដំណើរចុះបេសកកម្មលើផ្ទៃទឹក ដើម្បីពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅប្របមាត់ទន្លេនេះដែរ លោកអភិបាលខណ្ឌ បានណែនាំដល់ចៅសង្កាត់ទាំងអស់ ត្រូវតាមដានស្ថានភាពទឹកជាប្រចាំ និងដាក់កម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។
ដោយឡែក នៅតាមមណ្ឌលសុខភាពទាំងអស់ ត្រូវមានគ្រូពេទ្យប្រចាំការជាប់ជានិច្ច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋខ្លាចក្រែងមានហេតុការសត្វអសិរពិសចិក ទិច ខាំប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពរស់នៅក្នុងក្រុមគ្រួសារ ជាពិសេសកូនតូចៗ មិនត្រូវឲ្យលេងទឹកនោះឡើយ ខ្លាចក្រែងលង់ទឹក បង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ថ្វីត្បិតតែអាជ្ញាធរដាក់កម្លាំងប្រចាំការ ដើម្បីជួយអន្តរាគមន៍ជាប្រចាំក៍ដោយ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយខ្លួនឯង ទើបក្នុងក្រុមគ្រួសារមានសេចក្តីសុខ៕